ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែ០៣ ឆ្នាំ២០២២ បានឃាត់ខ្លួនស្ត្រីម្នាក់ ដែលមានតំណែងជាអនុប្រធានគ្រប់គ្រងចំណូលក្រសួងរ៉ែ និងថាមពល ពាក់ព័ន្ធនឹងករណីលួចប្រាក់ចេញពីទូដែកក្រសួងរ៉ែ និងថាមពល ជាង៥០ម៉ឺនដុល្លារ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះមានឈ្មោះ ជិន លក្ខិណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិ សញ្ជាតិខ្មៃរ មុខរបរ អនុប្រធានក្រគ្រប់គ្រងចំណូល(ក្រសួងរ៉ែ និងថាមពល) ស្នាក់នៅផ្ទះលេខ២៥Eo ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែ៣ ឆ្នាំ២០២២ ជនរងគ្រោះ ឈ្មោះ ហ៊ាន ថាវី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ប្រធាននាយកដ្ឋានគ្រប់គ្រងចំណូលរ៉ែ និងថាមពល បានសុំអនុញ្ញាតច្បាប់ចំនួន ៨ថ្ងៃ ដោយសារក្រុមគ្រួសារ និងរូបគាត់ផ្ទាល់បានផ្ទុកនូវជំងឺកូវីដ៩ លុះដល់ថ្ងៃទី២៨ ខែ៣ ឆ្នាំ២០២២ ជនសង្ស័យបានផ្ញើសារទៅជនរងគ្រោះតាមទូរស័ព្ទថា សុំសោរបន្ទប់ឲ្យជាងធ្វើសោរទូដែក គាត់ក៏ឲ្យជនសង្ស័យទៅយកពីប្រធានរដ្ឋបាលពេលបានសោរហើយជនសង្ស័យក៏ចូលទៅឆ្កឹះទូដែក និងសែងទូដែកចេញប្តូរទូដែកថ្មីមកជំនួសវិញ។

សមត្ថកិច្ចបានរៀបរាប់ទៀតថា លុះដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក ជនរងគ្រោះក៏មកធ្វើការវិញពេលចូលដល់ក្នុងបន្ទប់ចាក់សោរយកប្រាក់ឲ្យថ្នាក់ដឹកនាំស្រាប់តែចាក់សោរពុំត្រូវ និងខុសលេខកូដទើបគាត់ហៅជនសង្ស័យមកសួរ ហើយឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនសង្ស័យសែងទូដែកចេញក្រៅ ទើបជនសង្ស័យសារភាពថាខ្លួនជាអ្នកឆ្កឹះទូដែក និងប្តូរទូដែកតែម្ដង។

សូមបញ្ជាក់ថា របាយការណ៍បញ្ជាក់ដោយសមត្ថកិច្ចបានឲ្យដឹងថា សម្ភារៈបាត់បង់ក្នុងករណីលួចនេះ រួមមាន៖ នៅក្នុងទូដែករួមមានប្រាក់រៀលចំនួន១,៤៣១,២៨៤, ៥៩៧.៨០រៀល, ប្រាក់ដុល្លា១៦០,២៣៧,ដុល្លានិង ៩២សេន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ