ភ្នំពេញ  ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី៣ នៃ «មូលនិធិគន្ធបុប្ផាកម្ពុជា» ដោយមានវត្តមានចូលរួមពីលោក ម៉ម ប៉ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន។

របៀបវារៈសំខាន់ៗដូចខាងក្រោម៖

១៖ ប្រតិបត្តិការរបស់មន្ទីពេទ្យគន្ធបុប្ផា និងស្ថានភាពហិរញ្ញវត្ថុ របស់មូលនិធិគន្ធបុប្ផាកម្ពុជា៖

ក្នុងឆ្នាំ២០២០នេះ, មន្ទីរពេទ្យគន្ធបុប្ផាបានទទួលកុមារមកពិគ្រោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ចំនួន ៦៣៩ ២៦៨ ករណី, ស្រ្តីមានផ្ទៃពោះទទួលបានការពិនិត្យ និងព្យាបាល នៅផ្នែកពិគ្រោះជំងឺក្រៅផ្នែកសម្ភព ចំនួន១៣២ ៤៤៣ ករណី, កុមារបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ១៣៣ ០២៦ នាក់, ជំងឺគ្រុនឈាមធ្ងន់ធ្ងរ ចំនួន ៤ ៤៨៨ នាក់, ជំងឺគ្រុនឈីក ចំនួន ១ ៤៩២ នាក់, និងវះកាត់សរុបចំនួន ២៤ ៨២២ នាក់។

«មូលនិធិគន្ធបុប្ផាកម្ពុជា» បានទទួលវិភាគទានសប្បុរសធម៌ សរុបចំនួនប្រមាណ ៦១ ៩៨១លានរៀល (ប្រមាណជាង១៥លានដុល្លារ) និង ៦ ០០០ ០០០ ដុល្លារអាមេរិក ក្នុងនោះ៖ វិភាគទានពីរាជរដ្ឋាភិបាលចំនួន ៤០ប៊ីលានរៀល, ការកាត់កម្រៃពីសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរចំនួន ២លានដុល្លារអាមរិក, វិភាគទានពីកាកបាទក្រហម ចំនួន ១លានដុល្លារអាមេរិក និងថវិកាបរិច្ចាគពីសប្បុរសជនទូទៅចំនួនប្រមាណ ៧ ១៦៣ លានរៀល និង ៣ លានដុល្លារអាមេរិក។

បើប្រៀបធៀបនឹងឆ្នាំ ២០១៩, វិភាគទានទទួលបានក្នុងឆ្នាំ ២០២០ មានការថយចុះប្រមាណ ២០% (ដោយមិនរាប់បញ្ចូលថវិកាគម្រោង H.EQUIP និងការបរិច្ចាគផ្ទាល់នៅមន្ទីរពេទ្យ)។

ថវិកាសប្បុរសធម៌នេះ ត្រូវបានបង្វែរជូនមន្ទីរពេទ្យគន្ធបុប្ផា តាមការស្នើសុំ និងតម្រូវការជាក់ស្តែង ។ បើគិតចាប់ពីថ្ងៃសម្ពោធ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០, «មូលនិធិគន្ធបុប្ផាកម្ពុជា» បានបង្វែរថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា បានចំនួន ២៤ លានដុល្លារអាមេរិក និង ៨ ប៊ីលានរៀល ក្នុងនោះ សម្រាប់ឆ្នាំ ២០២០ ចំនួន ៤លានដុល្លារអាមេរិក (ថវិកាទទួលបានពីកាកបាទក្រហមកម្ពុជាចំនួន ១ លានដុល្លារអាមេរិក, ថវិកាទទួលបានពីគ្រឹះស្ថានអង្គរក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៩ និងត្រីមាសទី ១, ២, និងទី ៣ ឆ្នាំ ២០២០ ចំនួនប្រមាណ ២ លានដុល្លារអាមេរិក, និងថវិកាចូលរួមសាងសង់ និងបំពាក់ឧបករណ៍នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ [មន្ទីរគន្ធបុប្ផា ខេត្តសៀមរាប] ចំនួន១លានដុល្លារអាមេរិក)៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ