ព្រះមហាក្សត្រ យាងមកដល់មាតុភូមិនិវត្តន៍វិញ បន្ទាប់ពីចូលរួមមហាសន្និបាតអង្គការយូណេស្ដូ លើកទី៤១ នៅទីក្រុងបារីស
ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងមកដល់មាតុភូមិនិវត្តន៍វិញ បន្ទាប់ពីព្រះអង្គសព្វព្រះរាជហឬទ័យដ៏ខ្ពង់ខ្ពស់បំផុត យាងចូលរួមមហាសន្និបាត លើកទី៤១ របស់អង្គការយូណេស្ដូ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
ព្រះមហាក្សត្រកម្ពុជា ព្រះអង្គបានយាងចាកចេញពីរាជធានីភ្នំពេញ ហើយឆ្ពោះទៅកាន់ទីក្រុងប៉ារីស ដើម្បីចូលរួមមហាសន្និបាត លើកទី៤១ របស់អង្គការយូណេស្កូ នេះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ ព្រះអង្គ បានយាងដល់ទីក្រុងប៉ារីស ប្រទេសបារាំង ប្រកបដោយព្រះសុខសុវត្ថិភាព កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្នុងពិធីទទួលព្រះរាជដំណើរយាងមាតុភូមិនិវត្តន៍របស់ ព្រះមហាក្សត្រកម្ពុជា នាពេលព្រឹកនេះក៏មានការចូលរួមពី សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង, សម្តេចវិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំង មន្ដ្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀតផងដែរ។
សូមជម្រាបជូនផងដែរថា នាឱកាសដ៏ឧត្តុង្គឧត្តមបំផុតក្នុងមហាសន្និបាត លើកទី៤១ របស់អង្គការយូណេស្ដូ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំងនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យដ៏ថ្លៃថ្លាបំផុតថ្លែងនូវព្រះរាជសុន្ទរកថា ក្នុងមហាសន្និបាតអង្គការយូណេស្កូ ដោយមានការចូលរួមពីបណ្តាប្រមុខរដ្ឋចំនួនជាង២០ប្រទេស នាទីក្រុងប៉ារីស ប្រទេសបារាំង។
ជាមួយគ្នានេះដែរ ក្នុងឱកាសគង់បំពេញព្រះរាជកិច្ច នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំងនោះផងដែរ ព្រះមហាក្សត្រកម្ពុជា ព្រះអង្គក៏បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានជូន លោកស្រី Audrey AZOULAY អគ្គនាយិកា នៃអង្គការយូណេស្កូ ចូលថ្វាយបង្គំគាល់សម្តែងការគួរសម កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ លើសពីនេះទៀត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក៏មានព្រះរាជឱង្ការស្នើដល់អង្គការយូណេស្កូ ដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកផងដែរ។
សូមរំលឹកថា អង្គការយូណេស្កូ គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ធ្វើការផ្តោតជាសំខាន់ទៅលើការអប់រំ វិទ្យាសាស្ត្រ និងការអប់រំ។ អង្គការយូណេស្កូ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥។ អង្គការយូណេស្កូ ធ្វើបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង៕