សម្ដេចក្រឡាហោម ស ខេង ណែនាំអភិបាលខេត្តកំពត រៀបចំពិធីប្រកាសបង្កើត និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំអភិបាលខេត្តកំពត រៀបចំពិធីប្រកាសបង្កើត និងដាក់ឱ្យដំណើរការនូវរដ្ឋបាលក្រុងបូកគោក ខេត្តកំពត ហើយត្រូវរៀចំរោងពិធីមានបរិយាកា សល្អ មានខ្យល់អាកាសចេញ-ចូល ដោយអនុវត្តវិធានការបង្ការ ទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។
យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ សម្ដេច ស ខេង បានថ្លែងថា «ដើម្បីមានមូល ដ្ឋាន និងធានាឱ្យពិធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត អាចដំណើរការបាន រួមទាំង ការរៀបចំកិច្ចប្រជុំចូលកាន់តំណែង កិច្ចប្រជុំសាមញ្ញ លើកទី១ និងកិច្ចប្រជុំសាមញ្ញ លើកទី២ របស់ក្រុមប្រឹក្សាក្រុងបូក គោ ទទួលបានជោគជ័យ ទាន់ពេលវេលា និងស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់ ក្រសួង សូមធ្វើការ ណែនាំ ការរៀបចំពិធីប្រកាសបង្កើត និងដាក់ឱ្យដំណើរការ នូវរដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត ត្រូវរៀបចំធ្វើរួមគ្នាជា មួយកិច្ចប្រជុំចូលកាន់តំណែង ក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត»។
សម្ដេច បន្ដថា បន្ទាប់ពីកិច្ចប្រជុំចូលកាន់តំណែងរួចហើយ ក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ត្រូវដំណើរការ រៀបចំកិច្ចប្រជុំសាមញ្ញ លើកទី១ និងកិច្ចប្រជុំសាមញ្ញ លើកទី២ របស់ខ្លួន ។ សម្ដេច បន្ដថា ពិធីប្រកាសបង្កើត និងដាក់ឱ្យដំណើរការ នូវរដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត រួមទាំង កិច្ចប្រជុំចូលកាន់តំណែងក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ត្រូវដំណើរការតាមកម្មវិធី និងត្រូវអញ្ជើញសមាសភាពសមាជិក និងភ្ញៀវចូលរួម៕EB