ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឥណ្ឌា ពិនិត្យលទ្ធភាពពង្រឹង និងពង្រីងកិច្ចសហប្រតិបត្តិការជាមួយខេត្តព្រៃវែង និងសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ លើជំនាញបច្ចេកវិទ្យាព័ត៌មាន។

នាឱកាសអញ្ជើញទស្សនកិច្ច សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី៧ មីនា សម្ដេច ស ខេង បានថ្លែងថា «សារសំខាន់ នៃសាកលវិទ្យាល័យនេះ បានចូលរួមចំណែកផ្តល់ចំណេះដឹង និងជំនាញដល់សិស្សនិស្សិត នៅក្នុងខេត្តព្រៃវែង និងមកពីតាមបណ្តាខេត្តនានា។ ដើម្បីរួមចំណែកពង្រឹងគុណភាពអប់រំនៅទីនេះ ស្នើភាគីឥណ្ឌាពិនិត្យលទ្ធភាពពង្រឹង និងពង្រីងកិច្ចសហប្រតិបត្តិការជាមួយខេត្តព្រៃវែង ជាពិសេស ជាមួយនឹងសាកលវិទ្យាល័យជាស៊ីមកំចាយមារ លើជំនាញបច្ចេកវិទ្យាព័ត៌មាន»។

សម្ដេច បន្ដថា ឥណ្ឌា ជាប្រទេសមានជំនាញសមត្ថភាព ក្នុងវិស័យព័ត៌មានវិទ្យា និងជំនាញកសិកម្ម ដូច្នេះភាគីទាំងពីរអាចបង្កើតកិច្ចសហប្រតិបត្តិការតាមរយៈការបង្កើតចំណងមេត្រីភាពរវាងខេត្ត និងខេត្ត និងការស្វែងរកសាកលវិទ្យាល័យសមស្របរបស់ប្រទេសឥណ្ឌាមកធ្វើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ។ 

សម្ដេច បន្ដថា បច្ចុប្បន្នសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ កំពុងសាងសង់អាគារបណ្តុះបណ្តាលវិជ្ជាជីវៈ ហៅកាត់ថា TVET ដែលនាពេលអនាគតនឹងចូលរួមចំណែកលើការបណ្តុះបណ្តាល និងកសាងធនធានមនុស្ស ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ 

លើសពីនេះ សម្ដេច ស ខេង ក៏បានសំណូមពរដល់លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា ជំរុញបង្កើតនូវកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សាសម្រាប់សិស្សនិស្សិត ហើយប្រសិនបើអាចភាគីឥណ្ឌា អាចបញ្ជូនសាស្រ្តាចារ្យឥណ្ឌាមកចូលរួមផ្ទេរបទពិសោធន៍ និងផ្តល់ចំណេះដឹងនៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ តាមរយៈវិធីនេះ នឹងអាចផ្តល់ការអប់រំបានដល់សិស្ស-និស្សិតច្រើននាក់នៅក្នុងប្រទេសកម្ពុជាតែម្តង។ 

ឆ្លើយតបនឹងសំណូមពរ សម្ដេច ស ខេង, លោកស្រី Devyani Khobragade បានគាំទ្រ និងឯកភាពចំពោះសារសំខាន់ នៃការបង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្ត និងខេត្ត និងរវាងសាកលវិទ្យាល័យនៃប្រទេសទាំងពីរ ជាពិសេស លើវិស័យព័ត៌មានវិទ្យា និងកសិកម្ម។ លោកស្រី ក៏បានបង្ហាញបំណង ក្នុងការបង្កើតចំណងមេត្រីភាពជាមួយខេត្តដទៃទៀត ដូចជា ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ជាដើម។ 

លោកស្រី បន្ដថា បច្ចុប្បន្ន ប្រទេសឥណ្ឌា មានគម្រោងអភិវឌ្ឍជាច្រើនជាមួយប្រទេសកម្ពុជា ដែលគម្រោងមួយចំនួនបានបញ្ចប់ និងមួយចំនួនទៀតបានកំពុងអភិវឌ្ឍ ហើយក្រៅពីគម្រោងទាំងនេះ ប្រទេសឥណ្ឌាក៏បានផ្តល់អាហារូបករណ៍ជូនសិស្សនិស្សិតកម្ពុជាផងដែរ។ លោកស្រី លើកទឹកចិត្តឲ្យសិស្ស និស្សិតសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ចូលរួមដាក់ពាក្យស្នើសុំអាហាររូបករណ៍ ទៅសិក្សានៅប្រទេសឥណ្ឌា ដោយលោកជំទាវនឹងពិនិត្យលទ្ធភាពជួយជ្រោមជ្រែងការងារនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ