ឆមាសទី១ ឆ្នាំ២០២១នេះ មានពលរដ្ឋខ្មែរវិលត្រឡប់ពីក្រៅប្រទេស ជាង១៥ម៉ឺននាក់ ភាគច្រើនអ្នកមានជីវភាពខ្វះខាត
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១ មានប្រជាពលរដ្ឋខ្មែរវិលត្រឡប់ពីក្រៅប្រទេស ជាង១៥ម៉ឺននាក់ ហើយបន្ដវិលត្រឡប់មកកម្ពុជា ជាបន្ដបន្ទាប់ទៀត ក្នុងនោះ ភាគច្រើនអ្នកមានជីវភាពខ្វះខាត។
ក្នុងកិច្ចប្រជុំក្រុមការងារជំនាញអន្តរ ក្រសួង-ស្ថាប័នទាំង៦ ប្រចាំឆមាសទី១ ឆ្នាំ២០២១ លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូសន្និសីទ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័ន និងអង្គភាពនីមួយៗ ដែលធ្វើឲ្យលទ្ធផលក្នុងឆមាសទី១ ឆ្នាំ២០២១ ទទួលបានលទ្ធផលគួរជាទីមោទនៈ បើទោះបីជាប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩ក៏ដោយ ហើយនេះគឺជាការចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា ក្រុមការងារទាំងអស់ត្រូវបន្ដកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្ដរជាតិ ដើម្បីចូលរួមក្នុងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។ បន្ថែមពីនេះ សម្ដេចក៏បានអំពាវនាវ និងស្វាគមន៍ចំពោះការចូលរួមរបស់ប្រជាពលរដ្ឋទូទៅ តាមរយៈមធ្យោបាយផ្សេងៗ ដូចជា ផ្ដល់ព័ត៌មានអំពីបទល្មើសជួញដូរមនុស្ស ជាដើម។
សម្ដេចក្រឡាហោម បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារ គ.ជ.ប.ជ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នឹងបន្ដខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាការរួមចំណែកដល់សេចក្ដីសុខ និងសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយក៏ជាការលើកមុខមាត់ប្រទេសជាតិផងដែរ។
នាឱកាសនោះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ជ.ប.ជ បានថ្លែងថា « ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ពីក្រៅប្រទេស សរុបប្រមាណ១៥ម៉ឺននាក់ ក្នុងឆមាសទី១ ឆ្នាំ២០២១ និងសរុបប្រមាណជិត៣០ម៉ឺននាក់ បើគិតពីឆ្នាំ២០២០ ហើយនៅតែបន្ដវិលត្រឡប់មកកម្ពុជាជាបន្ដបន្ទាប់ទៀត ហើយភាគច្រើនជាអ្នកមានជីវភាពខ្វះខាត»។
បន្ថែមពីនេះ លោកស្រី រដ្ឋលេខាធិការ បានប្ដេជ្ញានិងលើកទិសដៅបន្ដនូវឆមាសទី២ ដូចជា ៖ បន្តពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងមន្ត្រីជួរមុខក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, បន្តស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប និងផ្តន្ទាទោសបទល្មើសពាក់ព័ន្ធអំពើជួញដូរមនុស្ស, បន្តពង្រឹងកិច្ចសហការរវាងមន្ត្រីនគរបាលយុត្តិធម៌ និងស្ថាប័នអយ្យការ ក្នុងការអនុវត្តនីតិវិធីស៊ើបអង្កេត ប្រមូលភស្តុតាង ដើម្បីដាក់បន្ទុកជនល្មើសជួញដូរមនុស្ស, បន្តពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ចប្រទេសពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តច្បាប់ និងយុត្តិធម៌ព្រហ្មទណ្ឌ ក្នុងការបង្ក្រាបបទល្មើសជួញដូរមនុស្សឆ្លងដែន, ជំរុញការអនុវត្តនីតិវិធី នៃការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ជាដើម៕