ត្បូងឃ្មុំ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ បានណែនាំឲ្យគ្រប់សាលារៀនទាំងអស់ គួរតម្រូវឲ្យសិស្សានុសិស្សគោរពទង់ជាតិ ដោយច្រៀងចម្រៀងបទ«នគររាជ» ដោយផ្ទាល់ មិនគួរចាក់ភ្លេងនោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការបារម្ភ របស់សម្តេចនៅពេលចាក់ភ្លេងគោរពទង់ជាតិម្តងៗ ដោយសម្តេចធ្លាប់ជួបប្រទះផ្ទាល់ខ្លួន ក្នុងកម្មវីធីមួយចំនួនដល់ពេលគោរពទង់ជាតិ ចាក់ភ្លេងជាតិបទនគររាជ បែរចេញភ្លេងផ្សេងទៅវិញ ឬក៏ពេលខ្លះការចាក់ភ្លេងមានការរអាក់រអួលជាដើម។

សម្តេចតេជោលើកឡើងថា បទនគររាជ សម្រាប់គោរពទង់ជាតិ ដែលនិពន្ធដោយសម្តេចព្រះសង្ឃរាជ ជួន ណាត មានអត្ថន័យខ្លាំងណាស់ សម្រាប់កម្ពុជា។

បើតាមសម្តេចតេជោ មិនត្រឹមតែតាមសាលារៀនប៉ុណ្ណោះទេ សម្រាប់កងកម្លាំងប្រដាប់អាវុធ ក៏គួរតម្រូវឲ្យច្រៀងផ្ទាល់ផងដែរ នៅពេលគោរពទង់ជាតិម្តងៗ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «បើសិនជាគ្រប់សាលាទាំងអស់ ចាប់ផ្តើមឲ្យកូនសិស្សគោរពទង់ជាតិ រួចហើយគឺឲ្យច្រៀងផ្ទាល់ [បទនគររាជ] ទាហានប្រជុំជួរក៏ត្រូវឲ្យធ្វើដូចគ្នា ដើម្បីយើងលំហាត់ឡើងវិញ នេះគឺជារឿងដែលយើងគួរធ្វើ ហើយចម្រៀងរបស់យើង មានអត្ថន័យខ្លាំងណាស់ សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលព្រះអង្គតាក់តែង»។

សូមរំលឹកថា បទភ្លេងជាតិ «នគររាជ» និពន្ធដោយសម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃរាជ ជួន ណាត បានបង្កប់នូវអត្ថន័យយ៉ាងច្រើនសម្រាប់ប្រជាជាតិខ្មែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ