ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ។ ការងារនេះ នឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយនឹងការចូលរួមពីវិស័យឯកជន។ 

យោងតាមសេចក្ដីប្រកាសព័ត៌មាន ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បានគូសបញ្ជាក់ថា កម្មវិធីរងទីមួយ នៃកម្មវិធីអភិវឌ្ឍន៍វិស័យជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត នឹងជួយប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចឧស្សាហកម្មដែលផ្អែកលើចំណេះដឹង និងជំរុញដោយបច្ចេកវិជ្ជា តាមរយៈការពង្រឹង ធនធានមនុស្ស ដោយផ្តោតលើការលើកកម្ពស់បរិយាកាសអភិវឌ្ឍន៍ជំនាញរបស់ប្រទេស ផ្តល់ការបណ្តុះបណ្តាលប្រកបដោយបរិយាបន្នដែលនាំមុខដោយឧស្សាហកម្ម និងកៀរគរមូលនិធិបន្ថែមសម្រាប់ ការអភិវឌ្ឍជំនាញដែលផ្តោតលើតម្រូវការ។

នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma បានថ្លែងថា «ការកែទម្រង់កម្លាំងពលកម្ម និងការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទាមទារឲ្យមានកំណែទម្រង់ជាបន្តនៃប្រព័ន្ធ TVET តាមរយៈយុទ្ធសាស្ត្រស៊ីជម្រៅ និងការវិនិយោគជាបន្តបន្ទាប់ ឲ្យទាន់ពេលវេលា ។ កំណែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័នTVETទាំងនេះ មានសារសំខាន់សម្រាប់ការរៀបចំកម្មវិធីបណ្តុះបណ្តាលដែល ឆ្លើយតបនឹងតម្រូវការទីផ្សារ ធ្វើឲ្យប្រសើរឡើងនូវទីតាំងនិងឧបករណ៍បណ្តុះបណ្តាល និងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)»។

មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានសាកល្បងដោយរាជរដ្ឋាភិបាល ក្រោមគម្រោងជំនាញសម្រាប់ភាពប្រកួតឈ្នះ ផ្តល់ហិរញ្ញប្បទានដោយ ADB ដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០១៩ ដើម្បីបង្កើនជំនាញ និងសមត្ថភាពប្រកួតប្រជែងនៃកម្លាំងពលកម្មដែលកំពុងកើនឡើងរបស់កម្ពុជា។ ការដាក់សាកល្បង SDF នេះ បាននឹងកំពុងឆ្លើយតបទៅនឹងតម្រូវការបណ្ដុះបណ្ដាលជំនាញសម្រាប់វិស័យឧស្សាហកម្ម តាមរយៈ ភាពជាដៃគូសហហិរញ្ញប្បទានជាមួយស្ថាប័នរាជរដ្ឋាភិបាល ផ្នែកឧស្សាហកម្ម ភ្នាកងារផ្តល់ការបណ្តុះ បណ្តាល និងដៃគូអភិវឌ្ឍន៍នានា។

បញ្ហាប្រឈមសំខាន់ៗចំនួនបី រួមចំណែកជាឧបសគ្គទូទៅ ដែលកំពុងជាបញ្ហាប្រឈមសម្រាប់ប្រព័ន្ធ TVET កម្ពុជាគឺ កង្វះកម្មវិធីអភិវឌ្ឍន៍ជំនាញជាក់លាក់និងស៊ីជម្រៅសម្រាប់បដិវត្តន៍ឧស្សាហកម្ម ទីបួន, ភាពមានកម្រិតនៃតួនាទីរបស់វិស័យឯកជនក្នុងការអភិវឌ្ឍជំនាញ និងនៃចក្ខុវិស័យអន្តរកម្មរបស់ឧស្សាហកម្មនានា, និងការផ្តល់ហិរញ្ញប្បទាន និងភាពជាដៃគូមិនទាន់បានពេញលេញ ក្នុងការអភិវឌ្ឍ ជំនាញ។ ការរួមគ្នានៃបញ្ហាប្រឈមទាំងនេះ កំណត់ភាពអាចទទួលបានការងារធ្វើនិងផលិតភាពនៃ កម្លាំងពលកម្មបច្ចុប្បន្ននិងអនាគត ហើយអាចរារាំងប្រទេសកម្ពុជាក្នុងដំណាក់កាលក្រោយជំងឺរាតត្បាត ពីការធ្វើពិពិធកម្ម និង អន្តរកម្មទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។ កម្មវិធីជំនាញសម្រាប់សេដ្ឋកិច្ចនាពេល អនាគតនឹងជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ