ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការផ្ដាំផ្ញើដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ រួមគ្នាបន្ថែមទៀត ដើម្បីដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រផេះ។

ក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានសម្រេចបន្តដាក់កម្ពុជាឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដានក្នុងឆ្នាំនេះ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃចុះធ្វើ On-site Visit នៅក្នុងខែមករា ឆ្នាំ២០២៣ ខាងមុខនេះ គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមខ្លួនធ្វើកិច្ចការងារទាំងនេះ។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា «គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ សុទ្ធតែមានភារៈកិច្ចធ្វើ ថ្នាក់ក្រោមជាតិក៏ដូចគ្នា បានន័យថា បង្ក្រាប់បទល្មើសទាំងអស់ពាក់ព័ន្ធអំពើពុករលួយ»។

សម្ដេចក្រឡាហោម បានបន្ដថា បើសិនគេដកកម្ពុជាចេញបញ្ជីប្រផេះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងយន្ដការបន្ថែមទៀត ដូច្នេះ ត្រូវពង្រឹងយន្ដការតាមក្រសួង-ស្ថាប័ន និងថ្នាក់ក្រោមជាតិ ឱ្យបានច្បាស់លាស់។ សម្ដេច រំលឹកថា កាលពីឆ្នាំ២០១៤ កម្ពុជា ត្រូវបានដកចេញបញ្ជីប្រផេះ ក្រោយមកទៀត ដាក់កម្ពុជា ក្នុងបញ្ជីប្រផេះឡើងវិញ កាលពីឆ្នាំ២០១៩៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ