មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា មេខ្លោងក្រុមចោរប្លន់ William Guang សារភាពថា ខ្លួនពិតជាបានដឹកនាំក្រុមចោរប្លន់ផ្ទះ ឈ្មោះ អ៊ាន សៀវម៉ី ពិតមែន
ភ្នំពេញ ៖ បើតាមលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២១ បានបញ្ជាក់ថា មេខ្លោងក្រុមចោរប្លន់ ឈ្មោះ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពថា ខ្លួនពិតជាបានដឹកនាំបក្ខពួកធ្វើសកម្មភាពប្លន់អ្នកលក់ឡេ ឈ្មោះ អ៊ាន សៀវម៉ី ពិតមែន ដោយខ្លួនជាអ្នករៀបចំផែនការនេះ។
កាលពីយប់ថ្ងៃទី២០ ធ្នូ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធករណីជាមួយ ក្រុមចោរប្លន់ អ្នកលក់ឡេដ៏ល្បី ឈ្មោះ អ៊ាន សៀវម៉ី។
សូមបញ្ជាក់ថា ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ត្រូវបានចាប់ខ្លួនបានហើយជាង១០នាក់ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។ នៅក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុធវែងខ្លីចំនួន៥ដើម (វែង១ដើម ខ្លី៤ដើម) និងគ្រឿងអលង្ការមួយចំនួន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។
សូមរំលឹកថា ករណីក្រុមចោរប្លន់ប្រដាប់អាវុធនៅផ្ទះអ្នកលក់ឡេដ៏ល្បី អ៊ាន សៀវម៉ី បានកើតឡើងនៅវេលាម៉ោង១០៖៥០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះវីឡាលេខV01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕