នារីម្នាក់ ចូលខ្លួនសារភាពកំហុស បន្ទាប់ពីបានចោទប្រកាន់ដោយគ្មានការពិតមកលើសមត្ថកិច្ច
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយ និងបដិសេធទាំងស្រុងចំពោះគណនី Tik Tok ឈ្មោះ Ounlin888899 ដែលបានបង្ហោះវីដេអូ ដែលមានខ្លឹមសារប្រមាថមើលងាយ ដោយគ្មានភ័ស្តុតាង មកលើសមត្ថកិច្ច កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការសហការណ៍ជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្វែងរក និងកោះហៅបុគ្គលឈ្មោះ យុន សុខលីន ឲ្យចូលខ្លួនមកទទួលកំហុសចំពោះមុខច្បាប់ និងធ្វើការសុំទោសជាសារណៈ។
ដោយទទួលស្គាល់ព័ត៌មានវីដេអូដែលខ្លួនបានបង្ហោះនោះជាព័ត៌មានមិនពិត បុគ្គលរូបនេះបានយល់ព្រមទទួលកំហុស ហើយចូលខ្លួនមកសារភាពកំហុសតាមការកោះហៅរបស់សមត្ថកិច្ច ដោយបានធ្វើកិច្ចសន្យា និងថតជាវីដេអូសុំទោសជាសារធារណៈ ដើម្បីសុំទោសសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ចំពោះទង្វើដែលសង្គមស្អប់ខ្ពើមនេះផងដែរ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់សាធារណជន និងបណ្ដាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲយមានភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមានផងដែរ៕