ក្រសួងសាធារណការ ៖ រថយន្ដ កែច្នៃដំឡើងម៉ូ មិនអនុញ្ញាតឲ្យចូល ឆៀក ឬចុះបញ្ជីផ្ដល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខឡើយ
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រថយន្ដ កែច្នៃដំឡើងម៉ូ ប៉ះពាល់ផ្នែកសុវត្ថិភាពរបស់យាន មិនត្រូវអនុញ្ញាឲ្យចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ឬចុះបញ្ជីផ្ដល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើយ។
ក្រសួងសាធារណការ លើកឡើងបែបនេះ ក្រោយពីក្រសួង បានសង្កេតឃើញថា មានរថយន្ដគ្រួសារមួយចំនួន បានកែច្នៃដំឡើងម៉ូ ដែលរថយន្ដដោយមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួង ដែលបានបណ្ដាលឲ្យប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន និងបានធ្វើឲ្យប្រែប្រួលអត្តសញ្ញាណសម្គាល់របស់រថយន្ដ ហើយសកម្មភាពនេះ បានផ្ទុយពីអនុក្រឹត្យ ស្ដីពី ការគ្រប់គ្រងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ដ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ នាពេលថ្មីៗនេះ បានឲ្យដឹងថា «រថយន្ដដែលបានកែច្នៃដំឡើងម៉ូដែលរថយន្ដ ដែលប៉ះពាល់ផ្នែកសុវត្ថិភាពរបស់យាន ដូចជា ប្រព័ន្ធចង្កូត ប្រព័ន្ធទ្រ សាក់ស៊ី និងគ្រោងតួ និងគ្មានការអនុញ្ញាតទីក្រសួងសាធារណការ គឺមិនអនុញ្ញាតឲ្យចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬចុះបញ្ជីផ្ដល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើយ»។
ក្រសួង បន្ដថា យានដ្ឋានកែច្នៃដំឡើងរថយន្ដ ដែលធ្វើសកម្មភាពកែច្នៃដំឡើងម៉ូ ដែលរថយន្ដ ដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន និងមិនបានស្នើសុំការអនុញ្ញាតកែច្នៃដំឡើង ក្រសួង នឹងចាត់វិធានការចុះបិទផ្អាកសកម្មភាពធ្វើអាជីវកម្មនៅទីតាំងយានដ្ឋាននោះ។
ក្រសួងសាធារណការ ជឿងជាក់ថា ម្ចាស់រថយន្ដទាំងអស់ និងម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្ដគ្រប់ប្រភេទ ចូលរួមអនុវត្តបទញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា៕EB