ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវធានាឲ្យបានូវសន្ដិសុខ និងសុវត្ថិភាព សម្រាប់ភ្ញៀវជាតិ-អន្ដរជាតិ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជានាពេលនេះ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ដេចព្រះសុមេធាធិបតី នន្ទ ង៉ែត និងសមិទ្ធផលនានា នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ស្ថិតនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា «កម្ពុជា បាននិងកំពុងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ SEA GAME លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលជាព្រឹត្តិការណ៍ដ៏ធំ និងមានអ្នកចូលរួមពីគ្រប់មជ្ឈដ្ឋាន អំពាវនាវមន្ត្រីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវធានាអោយ បាននូវសន្តិសុខ និងសុវត្ថិភាពសម្រាប់ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ហើយទន្ទឹមគ្នានោះដែរ ត្រូវចូលរួមគាំទ្រការរៀបចំព្រឹត្តិការណ៍ធំមួយទៀត គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ»។ 

សម្ដេច បានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាមានតួនាទីសំខាន់ៗ គឺទី១ ជាអ្នកចូលរួមក្នុងការការពារ សន្តិសុខសណ្តាប់ធ្នាប់ពេលបោះឆ្នោតអោយប្រព្រឹត្តទៅបានដោយសេរី យុត្តិធ៌ម និងគ្មានការគំរាមកំហែង, ទី២ ត្រូវអនុវត្តសិទ្ធិក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីរៀបចំរដ្ឋាភិបាលថ្មី។ សម្ដេច ក៏អំពាវនាវមន្ត្រីរាជការស៊ីវិល និងកងកម្លាំងគ្រប់ប្រភេទទាំងអស់ខិតខំបំពេញភារកិច្ចអោយបានគ្រប់ជ្រុងជ្រោយ និងសហការគ្នាឱ្យបានល្អ ហើយប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមត្រៀមខ្លួនដើម្បីអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សម្រាប់ជាមូលដ្ឋានអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនបន្តទៀត។

សម្ដេច បានគូសបញ្ជាក់ថា សមិទ្ធផលទាំងខាងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ដែលប្រទេសជាតិសម្រេចបានរហូតមកទល់ពេលនេះ ពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញយ៉ាងត្រឹមត្រូវនូវកម្មវិធីនយោបាយ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីនានា ជាមួយការចាត់តាំងអនុវត្តដោយមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស។

ក្នុងឱកាសនោះដែរ សម្ដេច ស ខេង ក៏បានផ្ដល់នូវអនុសាសន៍ និងមតិផ្ដាំផ្ញើឱ្យគ្រប់តួអង្គក្នុងសង្គម បន្តរួមគ្នាខិតខំថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យស្ថិតស្ថេរគង់វង្សយូរអង្វែង រួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ហើយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក-ក្រុង ឃុំ-សង្កាត់ ភូមិ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវលើកកម្ពស់ការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និងអនុវត្តឱ្យ ត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ បន្តរួមគ្នាខិតខំចូលរួមអភិវឌ្ឍន៍មូលដ្ឋានដើម្បីកសាងស្រុក-ក្រុង ឃុំ- សង្កាត់ ភូមិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ