ភ្នំពេញ ៖ គណបក្សបេះដូងជាតិ ដែលមានលោក សៀម ភ្លុក ជាតំណាងត្រូវបានក្រសួងមហាផ្ទៃ បដិសេធមិនឲ្យចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ដោយសារក្រសួងបានរកឃើញមានការក្លែងបន្លំ ស្នាមមេដៃចំនួន២ ៤៥២នាក់ ក្នុងចំណោមចំនួន៤៧៨១ស្នាមមេដៃ ។ តំណាងបក្សក៏អាចនឹងប្រឈមផ្លូវច្បាប់ផងដែរ។

យោងតាមលិខិតរបស់ក្រសួងចុះហត្ថលេខាដោយ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយសម្តេចចារបានឃើញនៅថ្ងៃ១១ វិច្ឆិកា បានឲ្យដឹងថា ក្រសួងសម្រេចឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិធ្វើការស្រាវជ្រាវបុគ្គលដែលមានចេតនាទុច្ចរិតក្នុងការផ្តិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្តិតស្នាមមេដៃឲ្យខូចគុណភាព ។

លិខិតបញ្ជាក់ថា “សម្រេចដាក់ពាក្យបណ្តឹងប្តឹងតំណាងស្ថាបនិកគណបក្សបេះដូងជាតិ ទៅតុលាការដើម្បីចាត់វិធានការផ្លូវច្បាប់ ។ សម្រេចបដិសេធសំណើរសុំចុះឈ្មោះ គណបក្សបេះដូងជាតិ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ” ។

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យបង្កើត គណបក្សបេះដូងជាតិ ដែលសរសេរជាអក្សរកាត់ «គ.ប.ជ» ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្ដាល ស្ថិតនៅផ្ទះលេខ២០៩ជ ផ្លូវបេតុងថ្មី ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ប៉ុន្តែក្រោយពីបានដាក់សំណើរ ក្រសួងបានឲ្យកែសម្រួលឡើងវិញនូវខ្លឹមសារ នៃលក្ខន្ដិកៈគណបក្ស ។

សូមបញ្ជាក់ថា សមាសភាពនៃគណបក្សថ្មីនេះ ត្រូវបានប្រភពមិនបញ្ចេញឈ្មោះបង្ហើបថា មានលោក ថាច់ សេដ្ឋាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអតីតមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្រ្គោះជាតិដែលបានសុំសិទ្ធិធ្វើនយោបាយកាលពីចុងឆ្នាំ២០២០ជាអ្នកផ្តួចផ្តើម លោក សៀម ភ្លុក ជាតំណាងស្ថាបនិកគណបក្សបេះដូងជាតិកម្ពុជា និងកញ្ញាស៊ីន ចាន់ពៅរ៉ូស្សិត ។ លោក សៀម ភ្លុកត្រូវបានគេដឹងថា ជាអ្នកចេញមុខសុំច្បាប់ទៅក្រសួងមហាផ្ទៃដើម្បីបង្កើតបក្ស។

លោក ប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) បានបញ្ចេញយោបល់លើរឿងនេះដែរថា ការមិនឲ្យគណបក្សបេះដូងជាតិចេញរួច ដោយសារតែដឹងថា លោកសម រង្ស៊ី នៅពីក្រោយ ។

លោកបន្តថា “ ក្រុមលោកសម រង្ស៊ី គួរតែរៀនគិត វិភាគ និងរៀបចំយុទ្ធសាស្ត្រអោយស៊ីជំរៅនិងច្បាស់លាស់បន្តិច មុននឹងធ្វើអ្វីមួយ ដើម្បីការពារសុវត្ថិភាពអ្នកអនុវត្តន៍ការងារផ្ទាល់នៅនឹងមូលដ្ឋាន។

ករណីនេះអាចជាតឹកតាងគ្រប់គ្រាន់សំរាប់អ្នកនយោបាយ (ជាពិសេស អតីតថ្នាក់ដឹកនាំCNRPដែលកំពុងបើកគណបក្សថ្មី) និងបណ្តាអ្នកវិភាគខ្លះ ដែលតែងតែចង់ឲ្យលោកកឹម សុខា ឬ លោកសម រង្ស៊ី ប្រកាសគាំទ្រក្រុមនេះ ឬក្រុមនោះ” ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ