ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា លោក ជាវ តាយ មិនមានកំហុសអ្វីឡើយ ដោយសារលោកសុំឈប់ពីតំណែងជាអភិបាលខេត្តពោធិ៍សាត ដោយខ្លួនឯង ដើម្បីសុំពេលវេលាព្យាបាលជំងឺរបស់គាត់។

សម្ដេច បន្ដថា បើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ សម្ដេច នឹងអញ្ជើញប្រកាសអភិបាលខេត្តពោធិ៍សាត់ថ្មី ផងដែរ។

ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានយល់ព្រមឱ្យលោក ងូយ រីដា អភិបាលរងខេត្តបាត់ដំបង ឡើងជាអភិបាលខេត្តពោធិ៍សាត់ ជំនួស លោក ជាវ តាយ ដោយលោក ជាវ តាយ ឡើងជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញ។ ការយល់ព្រមរបស់ សម្ដេចតេជោ បែបនេះ ក្រោយពី សម្ដេចក្រឡាហោម ស ខេង ធ្វើលិខិតជូន សម្ដេចតេជោ ដើម្បីធ្វើការដោះដូរ អភិបាលខេត្តពោធិ៍សាត់។

ក្រោយបញ្ចប់កិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា  សម្ដេច ស ខេង បានឱ្យដឹងថា ដោយសារបញ្ហាសុខភាពទើប លោក ជាវ តាយ សំណើរមក ក្រសួងមហាផ្ទៃ ដើម្បីសុំពេលវេលាព្យាបាលជំងឺរបស់គាត់។

សម្ដេច មានប្រសាសន៍ថា «ម្សិលមិញនេះ សម្ដេចតេជោ បានចុះហត្ថលេខារួចហើយ បើមិនមានអីប្រែប្រួលថ្ងៃច័ន្ទ ខ្ញុំ នឹងទៅប្រកាសផ្ទេរ អភិបាលខេត្តពោធិ៍សាត់។ ដោយសារឯកឧត្តម ជាវ តាយ គាត់អត់មានកហុសអីទេ ប៉ុន្ដែគាត់ត្រូវការពេលវេលា ដើម្បីហ្នឹងសម្រាកព្យាបាល ហើយខ្លួនគាត់ និងក្រុមគ្រួសារគាត់ ចង់បានចឹង ហើយយើងក៏គោរពតាមសំណើរ សំណូមពររបស់គាត់»។

នាឱកាសនោះ សម្ដេច ស ខេង បានឱ្យដឹងថា នាពេលបច្ចុប្បន្ន ក្រសួងមហាផ្ទៃ ខិតខំប្រឹងប្រែងផ្ទេរអំណាចកាន់តែទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកិច្ចការដល់មានសារៈសំខាន់ ហើយកន្លងទៅនេះ បានសង្កេតឃើញថា ក្រសួងបានយកចិត្តទុកដាក់ ដើម្បីធ្វើការបណ្ដុះបណ្ដាលមន្ដ្រីវ័យក្មេងៗ រួចហើយបញ្ជូនទៅធ្វើការងារនៅតាមមូលដ្ឋានផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ