រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង៤១០លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ក្នុងអំឡុងពេលជំងឺកូវីដ-១៩
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចំណាយថវិកា ចំនួន៤១០.៧៧លានដុល្លារ សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនប្រ ជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១នេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា «រាជរដ្ឋាភិបាល បានផ្ដល់ការអន្តរាគមន៍ ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានចំណាយថវិការដ្ឋ ១,៦៤៣,០៦២,៩៨៦,០០០.០០ រៀល ស្មើនឹង ៤១០.៧៧ លានដុល្លារអាមេរិក»។
ក្នុងនោះដែរ រាជរដ្ឋាភិបាល ក៏បានបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី៦ លើកទី២ ដោយចាប់ផ្តើមពីថ្ងៃទី២៥ សីហា រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ មានរយៈពេល ៣០ថ្ងៃ។
សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានចាប់ផ្ដើមដំណើរការអនុវត្តកម្មវិធី កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ននេះ បានចំនួន ៦ជុំ មាន ១៤លើក រួចមកហើយ៕EB