សម្ដេចតេជោ ហ៊ុន សែន ៖ ជំហររាជរដ្ឋាភិបាលកម្ពុជា មិនលុបចោលនូវរបាយការណ៍ហរិញ្ញវត្ថុ របស់អង្គការក្រៅរដ្ឋាភិបាល
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រកាសថា ជំហររាជរដ្ឋាភិបាលកម្ពុជា គឺមិនលុបចោលនូវរបាយការណ៍ហិរញ្ញវត្ថុចំពោះអង្គការក្រៅរដ្ឋាភិបាល ឬសមាគម នានា ក្រោយមានអង្គការខ្លះទទួលលុយពីបរទេស មកធ្វើបាតុកម្មនៅប្រទេសកម្ពុជា។
នាឱកាសអញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយ កម្មករនិយោជិត ក្នុងសួនឧស្សាហកម្មខេមតុន ស្ថិតក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាណាហ្គាវើល សម្ដេច ចោទចេញជាសំនួរថា តើកម្មករម្នាក់ដែលខ្លួនអត់មានការងារធ្វើសោះ? តែមានលទ្ធភាពធ្វើបាតុកម្ម រយៈពេល ២ឆ្នាំ ដោយមិនចាំបាច់ធ្វើការងារ តើយ៉ាងម៉េចដែរ?។ សម្តេច ក៏បានអំពាវនាវឱ្យអតីតបុគ្គលិកណាហ្គាវើលចំនួន ៩៨នាក់ បញ្ឈប់សកម្មភាពតវ៉ារបស់ខ្លួន។ សម្តេច ថា «មិនមែនគេមិនដឹងពីចលនារបស់ខ្លួននោះទេ»។
សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើដល់មិត្តភក្តិបរទេស បញ្ឈប់ផ្តល់កញ្ចប់ថវិកាដល់អ្នកតវ៉ា ដែលជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើល ហើយដកដៃចេញភ្លាមពីបញ្ហានេះផងដែរ។
សម្ដេច គូសបញ្ជាក់ថា «សូមមិត្តភក្តិបរទេសទាំងឡាយ ដែលផ្ដល់លុយកាសសម្រាប់ ៩៨នាក់ ដែលនៅសេសសល់ ដកដៃចេញទៅ មិនមែនគេមិនដឹងទេថា ធ្វើបាតុកម្មជាង ៣០០នាក់ យើងដោះស្រាយជាង ២០០នាក់ ហើយអ្នកទាំងនោះ ក៏បានមានការងារធ្វើ បានសំណងហើយ យើងបានរួមចំណែកដោះស្រាយការងារធ្វើតទៀត»។
សម្ដេច បន្ដថា សម្តេច បានជជែកជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រួចហើយ ថា អង្គការក្រៅរដ្ឋាភិបាល ត្រូវតែរាយការណ៍ពីរបាយការណ៍ហិរញ្ញវត្ថុ បើមិនរាយការណ៍ទេ នឹងត្រូវរំលាយចោលផងដែរ។
សម្ដេច គូសបញ្ជាក់ទៀតថា «បានពិភាក្សាមួយ សម្ដេចក្រឡាហោម របាយការណ៍ហិញ្ញវត្ថុ ត្រូវតែធ្វើ មិនដកទេ កន្លែងហ្នឹង អង្គការក្រៅរដ្ឋាភិបាលខ្លះ ទទួលលុយពីណាខ្លះ ត្រូវតែធ្វើ ហើយបើអ្នកឯងមិនធ្វើទេ ប៉ុន្មានខែ ត្រូវរំលាយចោលអង្គការណុងម៉ង ដាក់ជាការកំណត់ចឹងម៉ង ក្នុងសេចក្ដីព្រាងវិសោធនាកម្មច្បាប់ ទាក់ទងនឹងអង្គការក្រៅរដ្ឋាភិបាល។ ខ្ញុំ សូមផ្ដាំផ្ញើមិត្តភក្តិទាំងឡាយ និងអង្គក្រៅរដ្ឋាភិបាល ឱ្យបានដឹង ជំហររបស់រដ្ឋាភិបាល មិនដកចេញទេ លើបញ្ហារបាយការណ៍ហិរញ្ញវត្ថុ»៕EB