សម្ដេចតេជោ ប្រកាសថា គ្មានឡើយការលើកលែងណាមួយចំពោះក្រុមលាបពណ៌ និងបំភ្លៃការពិត ធ្វើឲ្យប៉ះពាល់រាជរដ្ឋាភិបាល
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា ចាប់ពីពេលនេះទៅ គឺគ្មានឡើយការលើកលែងណាមួយចំពោះក្រុមបុគ្គល ដែលតែងតែលាបពណ៌ និងបំភ្លៃការពិត ក្នុងបំណងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរាជរដ្ឋាភិបាល ក៏ដូចជាមកលើក្រុមគ្រួសាររបស់សម្ដេច។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បើជ្រុលតែអ្នកឯងហៅខ្ញុំ ជាមនុស្សអាងអំណាច ខ្ញុំនឹងប្រើអំណាចដើម្បីរកភាពត្រឹមត្រូវ ស្អាតស្អំ សម្រាប់ខ្លួនឯង។ ពួកគេមិនគ្រាន់ តែប្រមាថប្អូនថ្លៃខ្ញុំទេ តែគេថែមទាំងប្រមាថភរិយាខ្ញុំ ក្រុមគ្រួសារខ្ញុំ ក្នុងពេលដែលក្រុមគ្រួសារនេះ កំពុងបង្ហូរទឹកភ្នែកស្តាយស្រណោះប្អូនស្រីម្តាយ ជីដូនម្តាយមីង ដែលលាចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់»។
សម្ដេចតេជោ បន្ដថា ការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់វិទ្យុ VOD ដែលថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្ដល់ជំនួយដល់ប្រទេសតួកគីនោះ មិនមែនជាបញ្ហាលោក ហ៊ុន ម៉ាណែត ដោយឡែកទេ តែជាការប្រមាថចំពោះរាជរដ្ឋាភិបាល និងបានបង្កើតនូវការមិនជឿទុកចិត្តគ្នា នៅក្នុងរាជរដ្ឋាភិបាល ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅកម្ពុជា ច្បាប់ថវិកាអនុញ្ញាតឲ្យសម្រាប់តែនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប៉ុណ្ណោះ ត្រូវចុះហត្ថលេខា៕EB