ភ្នំពេញ ៖ តាមការណែនាំរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទីស្តីការក្រសួងមហាផ្ទៃ ក្នុងបរិបទនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រសួងមហាផ្ទៃ ណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការដែលមកបំពេញការងារ ក្នុងទីស្តីការក្រសួង និងភ្ញៀវ មានភារកិច្ចចូលមកទំនាក់ទំនងការងារ ត្រូវអនុវត្តវិធានការ ធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩។

តាមសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា «ថ្នាក់ដឹកនាំ មន្ត្រីរាជការដែលមកបំពេញការងារ ក្នុងទីស្តីការក្រសួងមហាផ្ទៃត្រូវធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ រៀងរាល់ថ្ងៃធ្វើការនៅច្រកចូល នៃទីស្តីការក្រសួង មុនពេលអនុញ្ញាតឲ្យចូលបម្រើការងារ ក្នុងការិយាល័យ។ សម្រាប់ភ្ញៀវដែលចូលមក ក្រសួងមហាផ្ទៃ ត្រូវធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ រួច ទើបអនុញ្ញាតឲ្យធ្វើការទំនាក់ទំនងការងារ»។

លោក បន្ដថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលមកបំពេញការងារត្រូវអនុវត្តនូវវិធានការអនាម័យ ការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន និងជាប់ជាប្រចាំ ដូចជា ៖ ពាក់ម៉ាស់ លាងដៃនឹងអាល់កុល ឬសាប៊ូឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលជាដើម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ