ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក សម្ដេច បានឆ្លើយតប និងដោះស្រាយ ចំនួន៥៥គណនី។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៣ ធ្នូ សម្ដេច ស ខេង បញ្ជាក់ថា ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ សម្ដេច បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន៦៥គណនី។ 

សម្ដេច មានប្រសាសន៍ថា «ក្នុងចំណោមនោះ ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយចំនួន៥៥គណនី។ ក្រៅពីនេះករណីផ្សេងទៀតក្នុងខែវិច្ឆិកា និងសេសសល់ពីខែមុនៗ ក៏កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ ខណៈសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ»។ 

សម្ដេច បន្ដថា វឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ នៅពេលប្រឈមមុខនឹងបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ក៏ដោយ។ 

សម្ដេច បញ្ជាក់ទៀតថា «ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំតាមរយៈទំព័រហ្វេសប៊ុកដើម្បីយើងរួមគ្នាដោះស្រាយនូវបញ្ហានានាក្រៅប្រព័ន្ធតុលាការ ដែលអាចនឹងជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងការរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង»។

លើសពីនេះទៀត សម្ដេច ស ខេង ក៏សុំការយល់យោគអធ្យាស្រ័យពីប្រជាពលរដ្ឋ ចំពោះករណីមួយចំនួនទៀត ដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ