ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ឥណ្ឌា ជាប្រទេសដំបូងគេទទួលស្គាល់កម្ពុជា ក្រោយដួលរំលំនៃរបបប្រល័យពូជសាស្រ្តខ្មែរក្រហម ហើយទំនាក់ទំនងរវាង កម្ពុជា-ឥណ្ឌា ត្រូវបានពង្រឹង និងពង្រីក ជាបន្ដបន្ទាប់រហូតដល់ពេលបច្ចុប្បន្ន។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី ប្រចាំកម្ពុជា នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ សម្តេច ស ខេង បានថ្លែងថា «ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាង កម្ពុជា-ឥណ្ឌា ដែលមានជាយូរឆ្នាំកន្លងមក ជាពិសេសឥណ្ឌា ជាប្រទេសមួយដំបូងគេដែលទទួលស្គាល់កម្ពុជា ក្រោយពីការដួលរំលំនៃរបបប្រល័យពូជសាស្រ្តខ្មែរក្រហម ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរ តែងតែត្រូវបានពង្រឹង និងពង្រីកជាបន្ដបន្ទាប់រហូតដល់ពេលបច្ចុប្បន្ននេះ»។

សម្ដេច ក៏បានអបអរសាទរចំពោះទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ ជាពិសេស ការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក ក៏បានឆ្លុះបញ្ចាំងនូវទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងក្រសួងមហាផ្ទៃ សម្ដេច បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់ឥណ្ឌា ដែលបានជួយគាំទ្រ ជាពិសេសកិច្ចសហប្រតិបត្តិការទៅលើផ្នែកនៃការអភិវឌ្ឍសមត្ថភាព ការបណ្ដុះបណ្ដាលធនធានមនុស្ស ដល់មន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា។

ជាការឆ្លើយតប លោកស្រី Devyani Khobragade បានកត់សម្គាល់ឃើញថា ជាការពិតទំនាក់ទំនងរវាង កម្ពុជា-ឥណ្ឌា គឺមានជាយូរលុងណាស់មកហើយ ជាពិសេស ប្រទេសទាំងពីរគឺមានការផ្សារភ្ជាប់វប្បធម៌ អរិយធម៌ សាសនា តាំងពីយូរលុងដូចគ្នា ដូចដែល សម្ដេច បានលើកឡើង ប្រទេសឥណ្ឌា ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសគាំទ្រកម្ពុជា បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម។

លោកស្រី នឹងបន្ដរក្សានូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះបន្ដទៀតជាមួយប្រទេសកម្ពុជា ដោយលោកស្រី នឹងបន្ដខិតខំធ្វើយ៉ាងណាជំរុញឱ្យមាននូវកិច្ចសហប្រតិបត្តិការកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀតរវាងប្រទេសទាំងពីរ និងរវាងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាមួយស្ថាប័នពាក់ព័ន្ធរបស់ប្រទេសឥណ្ឌា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ