ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ស្ថានភាពសត្វត្មាតកម្ពុជា មានសញ្ញាណវិជ្ជមាន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ប៉ុន្ដែទាមទារបង្កើនកិច្ចការពារ បន្ថែមទៀត។

យោងតាមលទ្ធផល នៃការតាមដាន និងកត់ត្រាស្ថានភាពប្រជាសាស្ត្រសត្វត្មាត ធ្វើឡើងក្នុងថ្ងៃផ្សេងគ្នា ក្នុងចន្លោះ ខែកក្កដា និងខែសីហា ឆ្នាំ២០២១ បានបង្ហាញថា សត្វត្មាតទាំងបីប្រភេទ ដែលមាននៅប្រទេសកម្ពុជាគឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ មានវត្តមានសរុបចំនួន ១៤០ក្បាល។

យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា បានថ្លែងថា នេះគឺជាដំណឹងដ៏ល្អ សម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះនៅប្រទេសកម្ពុជា និងនៅលើពិភពលោក។


លោកបានបញ្ជាក់ថា «ក្នុងនាមក្រសួងបរិស្ថាន សូមកោតសរសើរចំពោះក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថាន និងអង្គការដៃគូទាំងអស់នៃក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ក៏ដូចជាមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលកំពុងបំពេញភារៈកិច្ចរបស់ខ្លួននៅតាមតំបន់ការពារធម្មជាតិនានា ដើម្បីការពារនិងអភិរក្សទីជម្រកធម្មជាតិនៃដែនជម្រកសត្វព្រៃដែលមានវត្តមានសត្វត្មាត ពោលគឺបាននិងកំពុងធ្វើឱ្យតំបន់ធម្មជាតិនេះមានសុវត្ថិភាពកាន់តែខ្លាំងឡើងថែមទៀតសម្រាប់សត្វត្មាត និងសត្វព្រៃទាំងអស់ ដោយខិតខំប្រឹងប្រែងការពារព្រៃឈើជាទីជម្រក អាហារ និងប្រភពទឹកសម្រាប់សត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទ»។


លោកបានបន្ដថា ជាលទ្ធផលនៃការស្រាវជ្រាវនេះដែរ អ្នកវិទ្យាសាស្ត្រក៏បានកត់ត្រាទុកជាពិសេស នូវការវិលត្រលប់របស់សត្វត្មាតត្នោត និងត្មាតផេះ មកកាន់ទ្រនំរបស់ពួកវាវិញក្នុងដែនជម្រកសត្វព្រៃស្រែពកខេត្តមណ្ឌលគិរី ក្រោយអវត្តមានពីទីនោះអស់រយៈពេលជាង ៥ឆ្នាំ។

ទន្ទឹមនឹងនេះដែរ លទ្ធផលនៃការរាប់ចំនួនសត្វត្មាតដោយអាហារដ្ឋានត្មាតនៅដែនជម្រកសត្វព្រៃសំបូរនៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គបានបង្ហាញថា ចំនួនសត្វត្មាតសរុបទាំងបីប្រភេទបញ្ចូលគ្នាបានកើនឡើងទ្វេដងសម្រាប់តំបន់នេះ ពោលគឺពីចំនួន ២០ក្បាល ដល់ចំនួន ៤១ក្បាលសម្រាប់រយៈពេលពីរខែចុងក្រោយ គឺចន្លោះចុងខែមិថុនា ដល់ ចុងខែសីហា ឆ្នាំ២០២១ នេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ