ភ្នំពេញ៖លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប រួមមួយក្រុមការងារ បចេ្ចកទេស នៃក្រសួងសុខាភិបាល បានចុះពិនិត្យមើលទីតាំង សម្រាប់សាងសង់ អគារមន្ទីរពិសោធន៍ តំបន់ធ្វើតេស្ដ រកមេរោគកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប ។

លោក ម៉ម ប៊ុនហេង បានឱ្យដឹងថា បច្ចុប្បន្ននេះ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មានមន្ទីរពិសោធន៍ រកមេរោគកូវីដ-១៩ រួចហើយ ប៉ុន្តែខ្នាតតូចនិងធ្វើតេស្ត បានតិច ។ ឥឡូវនេះរដ្ឋាភិបាលកម្ពុជា បានគ្រោងចំណាយ ថវិកា ចំនួន៣០ម៉ឺនដុល្លាអាម៉េរិក សម្រាប់សាងសង់អគារ មន្ទីពិសោធន៍ ធ្វើតេស្ដរកមេរោគកូវីដ-១៩ ថ្មីមួយ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ ហើយមន្ទីរពិសោធន៍ថ្មីនេះ អាចធ្វើតេស្ដរកមេរោគកូវីដ-១៩ បានលឿននិងច្រើននាក់ក្នុងមួយថ្ងៃៗ ។ ហើយក្រសួងបានត្រៀមបំពាក់ នូវម៉ាស៊ីនពិសោធន៍ PRC ឱ្យមានលក្ខណៈជាមន្ទីរពិសោធន៍ស្តង់ដារ ក្នុងការពិនិត្យធ្វើតេស្ដ រកមេរោគកូវីដ-១៩ និងរកមេរោគ នៃជំងឺឆ្លងផ្សេងៗទៀត ។

ក្រៅពីគម្រោងសាងសង់អគារមន្ទីរ ពិសោធន៍ថ្មីនៅខេត្តសៀមរាបនេះ ក្រសួងសុខាភិបាល ក៏គ្រោងសាងសង់អគារមន្ទីរពិសោធន៍ ថ្នាក់តំបន់ចំនួនពីរទៀត គឺស្ថិតក្នុងខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ដែលទីតាំងសម្រាប់គម្រោង សាងសង់មន្ទីរពិសោធន៍តំបន់ទាំង០៣នេះ លោករដ្ឋមន្រ្តី បានចុះទៅពិនិត្យមើល រួចរាល់ហើយដែរ ។

ជាមួយគ្នានេះដែរ លោក ម៉ម ប៊ុនហេង ក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន ក្នុងការការពារ ឆ្លងមេរោគកូវិដ១៩ ឱ្យបានខ្ពស់ បើទោះបច្ចុប្បន្ននេះ ស្ថានភាពកូវិដ១៩ នៅកម្ពុជាមានការធូស្រាលជាងមុន ក៏ដោយក៏ប៉ុន្តែសម្រាប់ប្រទេស នៅជិតខាងយើង នៅតែមានអ្នកឆ្លងច្រើន ដូច្នេះយើងត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ