ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឬច្បាប់កូវីដ១៩ ត្រូវបានធ្វើឡើងដើម្បីទប់ទល់នឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ហើយច្បាប់នេះ នឹងដាក់ទោសចំពោះអ្នកដែលមានចេតនាធ្វើឱ្យឆ្លងដល់អ្នកដទៃដូចបទល្មើសឧក្រិដ្ឋ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត” នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅទីស្តីក្រសួងសុខាភិបាល លោក កើត រិទ្ធ បានលើកឡើងថា ការធ្វើច្បាប់កូវីដ១៩នេះ ត្រូវបានធ្វើការស្រាវជ្រាវពីបទពិសោធន៍មកពីបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោក ហើយ ច្បាប់នេះធ្វើឡើងដើម្បីបំពេញស្ថានភាពបច្ចុប្បន្ននេះ និងនៅពេលអនាគត។

លោកបានបន្ដទៀតថា ក្នុងរយៈពេលជាង១ឆ្នាំនេះ កម្ពុជាបានគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩ ដែលមានការចូលរួមពីប្រជាពលរដ្ឋ ដែលទទួលបានការកោតសរសើរ។ លោកបានបញ្ជាក់ថា ផ្អែកតាមព្រឹត្តិការណ៍សហគមន៍២០កម្ភៈធ្វើឱ្យកម្ពុជាត្រូវមានច្បាប់មួយ ពីព្រោះថាជំងឺកូវីដ១៩ជាជំងឺកាចសាហាវដែលកម្ពុជាមិនដែលធ្លាប់ជួប ហើយជំងឺនេះបានធ្វើឆ្លងជំងឺនេះជាង២០លាននាក់ និងស្លាប់រាប់លាន់នៅលើសកលលោក។

លោកបានថ្លែងថា «ជំងឺកូវីដ១៩បានធ្វើឱ្យមានការប្រែប្រួលនៅទូទាំងពិភពលោក ដែលធ្វើឱ្យប្រទេសមួយចំនួនបានដាក់វិធានការទប់ស្កាត់ជំងឺកូវី១៩នេះ ដោយប្រទេសខ្លះ រៀបចំច្បាប់ថ្មី ឬកែសម្រួលច្បាប់ឱ្យស្របនឹងច្បាប់ខ្លួនផងដែរ។ ប្រទេសខ្លះ សម្រេចដាក់ ក្នុងប្រទេសគ្រាអាសន្ន និងបិទប្រទេស និងវិធានការផ្សេងទៀតដើម្បីធានាថាច្បាប់នេះធ្វើ ឱ្យស្ថានភាពថមថយ»។ 

លោកបានបន្ថែមថា ចំណែកប្រទេសកម្ពុជាក៏បានរៀបចំច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នរួចហើយដែរ ដែលត្រូវបានប្រកាសដាក់ ឱ្យប្រើប្រាស់រួចហើយ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១កន្លងមកនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ