ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំឲ្យរោងចក្រ សហគ្រាស ត្រូវពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបម្លែងថ្មីប្រភេទ ដែលតា (Delta)។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងការងារ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងសូម ណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ជាពិសេសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូប អនុវត្តដូចខាងក្រោម៖

ទី១-ត្រូវរៀបចំធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតទាំងអស់ ឱ្យបានយ៉ាងតិច ២ដង មុនថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០២១។

ទី២-អាចបញ្ហាទិញឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងតម្លៃដើមតាមក្រសួងប្រៃសលីយ៍ និងទូរគមនាគមន៍ ឬប្រភពស្របច្បាប់នានា។

ទី៣-ករណីរកឃើញកម្មករនិយោជិតណាមានវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័សនេះ ឬមានអាការៈសង្ស័យ ត្រូវរាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងទៅ ក្រសួងសុខាភិបាលតាមរយៈលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨។

ទី៤-ត្រូវបន្តណែនាំដល់កម្មករនិយោជិតឱ្យបន្តអនុវត្តវិធានអនាម័យ សុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ និងអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានហ្មត់ចត់ និងត្រឹមត្រូវ ។

និងទី៥-ក្រោយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ត្រូវបន្តអនុវត្តការធ្វើតេស្តជាប្រចាំលើមុខសញ្ញាកម្មករនិយោជិតដែល បានឯកភាពគ្នាក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ