ក្រសួងកសិកម្ម អំពាវនាវដល់ សហគមន៍កសិកម្ម និងស្ថាប័នពាក់ព័ន្ធ ជួយជំរុញការនាំចេញផ្លៃមៀនស្រស់ ទៅកាន់ទីផ្សារបរទេស
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ អ្នកឧកញ៉ា សហគមន៍កសិកម្ម និងអន្តរស្ថាប័នពា ក់ព័ន្ធទាំងអស់ ជួយជំរុញការនាំចេញផលិតផលផ្លៃមៀនស្រស់ ទៅកាន់ទីផ្សារបរទេស ក្រោយពីផ្លៃមៀនប៉ៃលិន ជាប់របាំងភូតតាមអនាម័យ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសិកម្ម នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា ផ្លែមៀនប៉ៃលិនជាប្រភេទទំនិញជាប់កម្រិតកំណត់ ឬជាប់របាំងភូតគាម អនាម័យ ដែលតម្រូវឲ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចាបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យ នៃប្រទេសនាំចូលជាមុន តាមរយៈការស្នើសុំវាយតម្លៃហានិភ័យសមាសភាពចង្រៃពាក់ព័ន្ធនឹងការនាំចូលផ្លែមៀន ប៉ៃលិននេះ។
ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម និងក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃកម្ពុជា បាននិងកំពុងសហការស្នើសុំសមត្ថកិច្ចពាក់ព័ន្ធនៃប្រទេសចិន និងប្រទេសថៃ ដើម្បីពន្លឿននីតិវិធីពាក់ព័ន្ធនឹងការចរចា ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យដូចបានជម្រាបជូនខាងលើ។
ក្រសួងបានឲ្យដឹងថា «សូមធ្វើការអំពាវនាវចំពោះ អ្នកឧកញ៉ា ឧកញ៉ា លោក លោកសី វិស័យឯកជន សហគមន៍កសិកម្ម និងអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយក្រសួងក្នុងការជំរុញ ការនាំចេញផលិតផលផ្លែមៀនស្រស់ទៅកាន់ទីផ្សារបរទេស ដោយពិនិត្យលទ្ធភាពធ្វើការវិនិយោគក្នុងការសាងសង់ នូវហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ឲ្យបានទាន់ពេលវេលា និងមានសមត្ថភាព គ្រប់គ្រាន់ក្នុងការស្រូបយកផលិតផលមកធ្វើការកែច្នៃនាំចេញឲ្យបានជាអតិបរមាភ្លាមៗនៅក្រោយពេលមានការឯកភាព ជាមួយប្រទេសនាំចូលលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ»។
ឆ្លើយតបទៅនឹងគោលបំណង និងទិសដៅដូចខាងលើ ជាពិសេស ដើម្បីលើកកម្ពស់ផលិតភាព និងពាណិជ្ជបនីយកម្មផលិតផលកសិកម្មកម្ពុជា ក្រសួងកសិកម្ម ក៏បានណែនាំ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលមានបំណងវិនិយោគ លើការនាំចេញផលិតផលផ្លែមៀនស្រស់ ធ្វើការទំនាក់ទំនងជាមួយអគ្គនាយកដ្ឋានកសិកម្មដែលជាសេនាធិការ បច្ចេកទេសរបស់ ក្រសួងកសិកម្ម ដើម្បីទទួលបានការណែនាំផ្នែកបច្ចេកទេសពាក់ព័ន្ធ ឲ្យបានគ្រប់ជ្រុងជ្រោយ៕EB