ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងបានទិញ និងស្នើសុំគ្រឿងចក្រទំនើបៗពីក្រុមហ៊ុនសៀងហៃ ចែកជូនតាមបណ្ដាមន្ទីរ រាជធានី-ខេត្តទាំង២៥ ដើម្បីជួសជុល និងថែទាំផ្លូវថ្នូល់។

ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំសប្ដាហ៍ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដី ការក្រសួង លោក ស៊ុន ចាន់ថុល អំណរគុណចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួង ដែលបានខិតខំប្រឹងប្រែង បំពេញការងាររបស់ខ្លួនប្រកបដោយឆន្ទៈ ហើយថែទាំគ្រឿងចក្រនានាឲ្យបានល្អបំផុត ដើម្បីប្រើប្រាស់បានយូរអង្វែង។

លោកបញ្ជាក់ថា «ក្រសួងបានទិញ និងស្នើសុំគ្រឿងចក្រទំនើបៗពីក្រុមហ៊ុនសៀងហៃ ដើម្បីចែកជូនតាមបណ្ដាមន្ទីររាជ ធានី-ខេត្តទាំង២៥ និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង សំដៅផ្ដល់លទ្ធភាពឲ្យបានគ្រប់គ្រាន់ក្នុងការកសាង ជួសជុល ថែទាំ និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

លោកបន្ថែមថា ក្រសួងបាន និងកំពុងអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បី សហការគ្នារៀបចំកម្មវិធីបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រទាក់ទងនឹងផ្លូវថ្នល់ និងស្ពានដល់កូនខ្មែរឲ្យក្លាយទៅជាវិស្វករ នៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស របស់ក្រសួង ព្រមទាំង បានជំរុញឲ្យក្រុមការងារចំពោះកិច្ចពិនិត្យលទ្ធ ភាពដំណើរការកម្មវិធីបណ្ដុះបណ្ដាល ចាប់ពីខែមករា ឆ្នាំ២០២១ នេះតទៅ ក្នុងការចូលរួមលើកកម្ពស់សមត្ថភាពកូន ខ្មែរឲ្យកាន់តែខ្ពស់ត្រដែតលើឆាកអន្តរជាតិ ស្របតាម គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលគឺ ៖ មនុស្ស ផ្លូវ ភ្លើង ទឹក។

ឆ្លៀតឱកាសនោះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានលើកឡើងថា អគារទីស្ដីការក្រសួងសាធារណការ ថ្មី គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅខែមករា ឆ្នាំ២០២១ ខាងមុខ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោករៀបរាប់ថា ការផ្លាស់ប្ដូរទីស្ដីការក្រសួងទៅកាន់ទីតាំងថ្មីនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីប្រមូលផ្ដុំអង្គភាព ក្រោមឱវាទក្រសួងទាំងអស់ឱ្យស្ថិតនៅទីតាំងតែមួយ ដែលមានទីធ្លាធំទូលាយ ឆ្លើយតបទៅតាមទំហំការងារនាពេល បច្ចុប្បន្ន ឆ្លុះបញ្ចាំងចក្ខុវិស័យនាពេលអនាគត ជាពិសេសទីតាំងថ្មីនេះជួយសម្រួលដល់លំហូរការងារប្រចាំថ្ងៃ របស់មន្ត្រីគ្រប់ជាន់ថ្នាក់បានកាន់តែល្អប្រសើរ និងផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលស្វែង រកសេវាសាធារណៈ ចាំបាច់នៅក្រសួងសាធារណការ ។អគារទីស្ដីការក្រសួងថ្មីនេះ មានទីតាំងស្ថិតនៅផ្លូវលេខ៥៩៨ (ផ្លូវឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ