ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាលោកស្រី ឃួន សុដារី នឹងកាន់តំណែង ប្រធានរដ្ឋសភា នាពេលខាងមុខ។ សម្ដេចតេជោ បញ្ជាក់ថា មុខតំណែងនេះ បានរៀបចំរួចជាស្រេចយូរហើយ។
ក្នុងសារជាសំឡេង នៅយប់ថ្ងៃទី៩ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសច្រានចោល ជាថ្មីនូវការផ្សាយពាក់ព័ន្ធផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានឆ្លៀតឱកាសវាយប្រហារ ផ្ទៃក្នុងកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនមានការចាំបាច់ ក្នុងការឆ្លើយតបនឹង ការផ្សាយពីការបែកបាក់ផ្ទៃក្នុងគណបក្ស ប្រជាជនកម្ពុជានោះទេ ។
សម្តេចតេជោ ប្រកាសឱ្យរង់ចាំមើល ព្រឹត្តិការណ៍ នៃកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ជាមួយរាជរដ្ឋាភិបាលអាណត្តិចាស់ និងរាជរដ្ឋាភិបាល អាណត្តិថ្មី នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា តំណែងប្រធានរដ្ឋសភា ត្រូវបានរៀបចំតាំងពីចុង ឆ្នាំ២០២១ មកម្លេះ។ នោះគឺលោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា សព្វថ្ងៃ នឹងត្រូវឡើង ធ្វើជាប្រធានរដ្ឋសភា នៅអាណត្តិថ្មី។ លោក ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៅតែជាអនុប្រធានទី១ រដ្ឋសភាដដែល។ រីឯលោក វង សូត្រ ដែលបច្ចុប្បន្ន ជារដ្ឋមន្ត្រីក្រសួង សង្គមកិច្ច នឹងត្រូវឡើងជាអនុប្រធានទី២ នៃរដ្ឋសភា៕