រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អនុញ្ញាតឱ្យបើកដំណើរការនូវសារមន្ទីរនានាជូនភ្ញៀវជាតិ-អន្តរជាតិ បានចូលទស្សនាឡើងវិញ ចាប់ពីខែមិថុនាខាងមុននេះតទៅ
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរ ក្រសួងប្រយុទ្ធនឹងជំងឺ កូវីដ-១៩ បានអនុញ្ញាតឲ្យ សារមន្ទីរទាំងអស់នៅកម្ពុជា បើកដំណើរការ ឡើងវិញ ចាប់ពីខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះតទៅ ដើម្បីជូនភ្ញៀវជាតិ និងអន្ដរជាតិ បានចូលទស្សនា។
យោងតាមសេចក្ដីគោរពជូនរបស់ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ថ្វីត្បិតតែស្ថានភាពជំងឺ កូវីដ-១៩ នៅកម្ពុជា ហើយបច្ចុប្បន្ននេះ មិនមានរកឃើញករណីឆ្លងថ្មីឡើយ រយៈពេលជាង១ខែ ជាពិសេស កម្ពុជាបានព្យាបាល សះស្បើយ១០០% និងមិនមានករណីស្លាប់ក៏ពិតមែន ហើយភាគច្រើនលើសលុបសុទ្ធសឹង ជាករណីនាំចូលមកពីក្រៅប្រទេស។
លោកបន្ដថា កម្ពុជា ត្រូវតែប្រកាន់យកការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះការប្រឈមទៅនឹង ការកើតមានឡើងនូវរលកទីពីរ នៃការចម្លងវិរុស កូវីដ-១៩ ជាពិសេស ការចម្លងនៅក្នុង សហគមន៍ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់នយោបាយ សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងការ រស់នៅប្រចាំថ្ងៃ របស់ប្រជាជនទូទៅ ដែលពិបាកធ្វើការប៉ាន់ស្មានបាន។
លោក បញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់រលទីពីរ នៃការចម្លងវិរុស កូវីដ-១៩ នៅកម្ពុជា និងបន្ដចូលរួមការពារហានិភ័យនៃការចម្លងជំងឺ កូវីដ-១៩ ព្រមទាំង កាត់បន្ថយផល ប៉ះពាល់លើសេដ្ឋកិច្ច និងសង្គម ប្រជាពលរដ្ឋត្រូវអនុវត្តនូវគោលការណ៍ណែនាំសំខាន់ៗ ដូចជា ៖
ទី១-ក្រសួងសុខាភិបាល និងក្នុងនាម គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ-១៩ សូមជម្រាមជូន រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ ថា សារមន្ទីរនានា នៅកម្ពុជា ត្រូវបានអនុញ្ញាតឲ្យបើកដំណើរឡើងវិញ ដើម្បីជូនភ្ញៀវជាតិ និងអន្ដរជាតិបានចូល ទស្សនា ចាប់ពីខែមិថុនា ឆ្នាំ២០២០ នេះតទៅ។
ទី២-ក្រសួងសុខាភិបាល សូមធ្វើការណែនាំជូនដល់ក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ ថា មុនពេលបើកដំណើរការ ត្រូវរៀបចំវិធានការការពារនានាឲ្យរូចជាមុន ដើម្បីចៀសវាងនូវ ហានិភ័យនៃការចម្លងវីរុស កូវីដ-១៩ ដូចជា ការស្ដេនកំដៅភ្ញៀវមុនអនុញ្ញាតឲ្យចូលទស្សនា មានប្រើអាលកុល ឬជែលលាងដៃ និងត្រូវរៀបចំឲ្យមានគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងត្រូវពាក់ម៉ាស់ ហើយត្រូវអនុវត្តឲ្យបានគ្រប់បុគ្គល (ទាំងភ្ញៀវ អ្នកនាំភ្ញៀវ និងអ្នកបម្រើការនៅទី នោះ) និងមិនត្រូវអនុញ្ញាតឲ្យភ្ញៀវ ឬបុគ្គលណាម្នាក់ដែលមានបញ្ហាសុខភាព ឬសង្ស័យ ចូលទស្សនាសារមន្ទីរឡើយ៕