មុនដេីរចូលសាលាដំបូង ! សុវណ្ណ រិទ្ធី និយាយថា បងៗអ្នកកាសែត ជួយមេីលប្រពន្ធខ្ញុំផង
ភ្នំពេញ ៖ ចំពោះមុខក្រុមអ្នកសារព័ត៌មាន លោក សុវណ្ណ រិទ្ធី អតីត អគ្គនាយកព័ត៌មាន TVFB បានផ្ដាំផ្ញេីក្រុមអ្នកសារព័ត៌មាន មុនដេីរចូលសាលាដំបូងរាជធានីភ្នំពេញ នារសៀល ថ្ងៃ ទី ៨ ខែមេសា ឆ្នាំ ២០២០ ថា "បងៗអ្នកកាសែតជួយមេីលប្រពន្ធខ្ញុំផង"។
លោក សុវណ្ណ រិទ្ធី ត្រូវបានកម្លាំងនគរបាលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួននៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ។ ហេីយ ការចាប់ខ្លួននេះ ពាក់ព័ន្ធនឹង ផ្សព្វផ្សាយព័ត៌មានបែបញុះញង់ មានទាំងខ្លឹមសារផង និង LIVE វីដេអូផងតាមបណ្តាញសសង្គម ពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងការពារជំងឺ COVID-19។
សូមជំរាបថា នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណផ្សព្វផ្សាយព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាន TVFB ទាំងអស់ ដែលមានលោក សុវណ្ណ សុខា ជាម្ចាស់ចាប់ពីថ្ងៃនេះតទៅ ដោយសារតែស្ថាប័នព័ត៌មានមួយនេះ បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ក្នុងលិខិតយ៉ាងដូច្នេះថា «លុបប្រកាសរបស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឲ្យលោក សុវណ្ណ សុខា បើកដំណើរការផ្សាយគេហទំព័រឈ្មោះ www.tvfb.com.kh គេហទំព័រ www.fbtv.news និងមជ្ឈមណ្ឌលផ្សព្វផ្សាយ TVFB ដោយម្ចាស់អាជ្ញាប័ណ្ណ បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម»។
សូមរំលឹកថា សមត្ថកិច្ចនាំខ្លួនលោក សុវណ្ណ រិទ្ធី អតីត អគ្គនាយក TVFB ទៅកាន់តុលាការហើយ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២នេះ ក្រោយផ្សាយព័ត៌មានញុះញង់ ពីវិធានការរាជរដ្ឋាភិបាលការពារ COVID-19៕