ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យសមត្ថកិច្ច និងប្រជាព លរដ្ឋ បន្ដបង្ក្រាបគ្រឿងញៀន ដើម្បីឲ្យប្រទេសជាតិកាត់បន្ថយគ្រោះថ្នាក់ដោយគ្រឿងញៀន ខណៈខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាប បាន៣៧៧ករណី។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ សម្ដេច ស ខេង បានជម្រាបជូនលទ្ធផលកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន នៅទូទាំប្រទេសក្នុងខែមិថុនា ឆ្នាំ២០២១។

សម្ដេច បន្ដថា «តាមរយៈលទ្ធផល នៃកិច្ចប្រតិបត្តិការរបស់កម្លាំងអនុវត្តច្បាប់ បានបង្ហាញឱ្យឃើញថា មានសកម្មភាព ចរាចរណ៍ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅតែបន្តកើតមានឡើង ក្នុងភូមិសាស្ត្ររាជធានី-ខេត្ត គឺក្នុងខែមិថុនានេះ យើងបង្ក្រាបបានបទល្មើសគ្រឿងញៀន សរុប៣៧៧ករណី (ធៀបនឹងខែឧសភា/២០២១ មាន ៤២៣ករណី) ថយចុះ ៤៦ករណី ស្មើនឹង១០៨ភាគរយ ក្នុងនោះ ករណីជួញដូរ រក្សាទុក ២៨១ករណី ,ករណីប្រើប្រាស់ ៨៧ករណី ,ករណីសំយោគ កែច្នៃ២ករណី ,ករណីដាំដុះ៧ករណី»។

ដោយឡែក ករណីគ្រឿងញៀនបង្ក្រាបដោយសមត្ថកិច្ចនគរបាល ចំនួន៣៥៤ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ៧៦១នាក់ និងករណីគ្រឿងញៀនបង្ក្រាបដោយសមត្ថកិច្ចកងរាជអាវុធហត្ថ ចំនួន២៣ករណី ឃាត់ខ្លួនជន សង្ស័យចំនួន ៤៦នាក់។

សម្ដេច បន្ថែមថា ជាមួយគ្នានេះ ក៏មានសកម្មភាពកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពី ការប្រើប្រាស់គ្រឿងញៀន ដូចជា ការព្យាបាល ការស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដើម។ សម្ដេចថា ក្រៅពីនោះ ក៏បានបង្កើនការងារ សហប្រតិបត្តិការជាមួយប្រទេសជិតខាង ប្រទេសនៅក្នុងតំបន់ និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ផងដែរ។

ផ្អែកតាមលទ្ធផល នៃកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នាខែមិថុនា សម្ដេច ស ខេង ក៏បានកោតសរសើរចំពោះសកម្មភាពប្រតិបត្តិការរបស់កម្លាំងអនុវត្តច្បាប់ទាំងអស់ និងប្រជាពលរដ្ឋទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងបានរួមចំណែកដើម្បី ថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារសុខុមាលភាពសង្គម។

សម្ដេច មានប្រសាសន៍ថា «ក្នុងនាមជាប្រធានផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាល ខ្ញុំសូមអំពាវនាវចំពោះកម្លាំងអនុវត្តច្បាប់ទាំងអស់ និងប្រជាពលរដ្ឋយើងទាំងអស់ បន្តចូលរួមអនុវត្តសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីឲ្យប្រទេសជាតិយើងអាចកាត់បន្ថយគ្រោះថ្នាក់ដោយគ្រឿងញៀន នឹងឈានទៅគ្មានគ្រឿងញៀន តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ