ភ្នំពេញ ៖ សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើងត្រឹម ១,៩% ក្នុងឆ្នាំ ២០២១ ដោយសារការអូសបន្លាយ នៃជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែការងើបឡើងវិញនៅកម្រិត ៥,៥% ត្រូវបានរំពឹងទុកសម្រាប់ឆ្នាំ ២០២២។ នេះបើយោងតាមការធ្វើ បច្ចុប្បន្នភាពថ្មីមួយ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលត្រូវបានផ្សព្វផ្សាយ នាថ្ងៃ ពុធ ទី២២ ខែកញ្ញា ឆ្នាំ ២០២១។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ADB នាថ្ងៃទី២២ កញ្ញា នេះ លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា «ជំងឺរាតត្បាតដែលអូសបន្លាយពេលយូរ បានធ្វើឱ្យប៉ះពាល់ដល់សេវាកម្ម និង តម្រូវការ ក្នុងស្រុក។ ការបិទខ្ទប់ និង ការផ្អាកដំណើរការរោងចក្របណ្តោះអាសន្ន បានប៉ះពាល់ដល់ផលិតកម្ក្នុង    វិស័យកាត់ដេរ ទំនិញធ្វើដំណើរ និង ស្បែកជើង កាលពីដើមឆ្នាំនេះ។ ដោយផ្អែកលើចំណុចនេះ យើង ព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងមានត្រឹម ១,៩% នៅឆ្នាំ ២០២១ ទាបជាងការព្យាករ ៤,០% របស់យើងកាលពីខែមេសា»។

យោងតាម ការធ្វើបច្ចុប្បន្នភាពចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី (ADOU) ឆ្នាំ ២០២១  វិស័យកសិកម្ម ត្រូវបានរំពឹងថា នឹងកើនឡើង ១,៥%។ ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្នុងប្រទេស បានរំខានដល់សង្វាក់ ផ្គត់ផ្គង់វិស័យកសិកម្ម ប៉ុន្តែផលប៉ះពាល់ ជាទូទៅមានកម្រិត។ ការនាំចេញក្នុងវិស័យកសិកម្ម បានកើន ឡើង ៣០,៣% ក្នុងឆមាសទីមួយនៃឆ្នាំ ២០២១ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹង កំណើនដ៏រឹងមាំនៃការនាំចេញ កសិផលក្រៅពីអង្ករ។

តម្រូវការក្នុងស្រុកសម្រាប់ម្ហូបអាហារ ការស្នាក់នៅ ការដឹកជញ្ជូន និង សេវាកម្មបម្រើផ្ទាល់ផ្សេង ទៀត ត្រូវបានប៉ះពាល់យ៉ាងខ្លាំង ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងការបិទខ្ទប់នានា។ ការរឹតបន្តឹង លើការធ្វើដំណើរអន្តរជាតិ នៅតែមាន ហើយការមកដល់ នៃភ្ញៀវអន្តរជាតិ បានធ្លាក់ចុះ ៩១,៣% ក្នុង ឆមាសទីមួយនៃឆ្នាំ ២០២១ ធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន។ កំណើនវិស័យសេវាកម្មត្រូវបាន ព្យាករថានឹងធ្លាក់ចុះ ០,៦% នៅឆ្នាំ ២០២១៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ