ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា ទោះជាយ៉ាងណាក៏ដោយ ត្រូវបន្តការពារថែរក្សាពួនជ្រុំសន្តិភាព ឱ្យគង់វង្សស្ថិតស្ថេរយូរអង្វែ
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានមានព្រះរាជបន្ទូលថា ទោះជាយ៉ាងណាក៏ដោយ ត្រូវតែបន្តការពារថែរក្សាពួនជ្រុំនូវសន្តិភាពដែលសម្រេចបាន ឱ្យគង់វង្សស្ថិតស្ថេរយូរអង្វែង។
យោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ នាឱកាសមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA-43) នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រះអង្គ មានព្រះរាជបន្ទូលទៀតថា «ទោះជាយ៉ាងណាក៏ដោយ យើងត្រូវតែបន្តការពារ ថែរក្សាពួនជ្រុំនូវសន្តិភាព ដែលសម្រេចបានឲ្យគង់វង្សស្ថិតស្ថេរយូរអង្វែង។ សន្តិភាពអាចនឹងត្រូវបានបំផ្លាញនៅពេលណាមួយ ដោយសារបញ្ហាប្រឈមជាប្រពៃណី ពីទីជិត ឬឆ្ងាយ ក៏ដូចជាការគំរាមកំហែងមិនមែនជាប្រពៃណីជាច្រើន ដែលអាចបង្កអស្ថិរភាពដល់សង្គមរបស់យើង»។
ព្រះអង្គ មានព្រះរាជបន្ទូលគូសបញ្ជាក់ថា ផលប៉ះពាល់ក្នុងរយៈពេលវែងដោយសារជំងឺរាតត្បាតកូវីដ-១៩ នឹងបន្តជះឥទ្ធិពលលើសេដ្ឋកិច្ច ក្នុងតំបន់អស់រយៈពេលជាច្រើនឆ្នាំ ឬជាច្រើនទសវត្សរ៍ទៅខាងមុខទៀត។ វិបត្តិនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា មិនត្រឹមតែបង្កឲ្យមានហឹង្សានយោបាយ និងជម្លោះប្រដាប់អាវុធផ្ទៃក្នុងឲ្យកាន់តែធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែនឹងធ្វើឱ្យប្រជាជន នៃប្រទេសនេះ បាត់បង់នូវឱកាសសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សរបស់ខ្លួនផងដែរ។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀត វាអាចបំផ្លាញមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសហគមន៍អាស៊ាន ដែលយើងទាំងអស់គ្នាបានខិតខំកសាងរួមគ្នា នាពេលកន្លងមក។
ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូល ឱ្យដឹងទៀតថា ការកើនឡើងនូវភាពតានតឹង នៃការប្រកួតប្រជែងគ្នារវាងប្រទេសមហាអំណាច និងការគម្រាមកំហែងថ្មីៗ នៃការប្រើប្រាស់នូវអាវុធនុយក្លេអ៊ែរ គឺជាក្តីបារម្ភយ៉ាងខ្លាំងចំពោះជោគវាសនារបស់មនុស្សជាតិទាំងមូល។ ជាការពិតណាស់ យើងនៅតែដាក់ចេញនូវវិធានការដោះស្រាយជារៀងរាល់ថ្ងៃនូវវិបត្តិបម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយនានា ដែលបានបំផ្លាញសន្តិសុខស្បៀងអាហារ និងជីវភាពរស់នៅរបស់ប្រជាជនយើងនៅក្នុងតំបន់។ ប៉ុន្តែបញ្ហាដ៏ធ្ងន់ធ្ងរទាំងនេះ គឺពុំមានអ្វី ដែលយើងពុំអាចដោះស្រាយបាននោះទេ យើងអាចដោះស្រាយបញ្ហាទាំងនោះតាមរយៈការធ្វើការងាររួមគ្នាដោយប្រើប្រាស់នូវធនធានមនុស្ស និងបញ្ញា គតិបណ្ឌិត និងការជឿនលឿនផ្នែកបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍៕EB