ភ្នំពេញ ៖ ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ តាមប្រពន្ធ័ Zoom លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ គួរធ្វើការពិនិត្យ បូកសរុបមើលតើមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបាននិយាយ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីអ្វី និងប៉ុន្មានដង? ដោយកិច្ចការងារនេះ ធ្វើការបូកសរុបរយ:ពេល ៣ ខែម្តង។

លោក រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ ជាក្រុម ដែលពិនិត្យមើលតែពីដំណឹងដែលបំពុល ព័ត៌មានដែលមិនពិត បំភ្លៃសង្គម គឺខុសពីគណ:កម្មការតាមដានវាយតំលៃនិង លើកសរសើរក្រមសីលធម៌ វិជ្ជា ជីវ:សារព័ត៌មាន ហើយគោលបំណងនៃការបង្កើតគណ:កម្មការនេះឡើងគឺ ដើម្បីជាការលើកនូវតំលៃ សីលធម៌ និងតំលៃតូនាទីសង្គម របស់អ្នកសារព័ត៌មាន ឡើងវិញ ។

លោកបានបន្ដថា សម្រាប់ទៅថ្ងៃខាងមុខ រាល់អត្ថបទរបស់អ្នកសារព័ត៌មាន គឺមានភាពស៊ីជម្រៅ ហើយត្រូវបានគេយកចិត្តទុកដាក់ ដោយសារមានន័យគ្រប់គ្រាន់ និងត្រូវចំណុចនីមួយៗ។ ជាមួយនេះគណ:កម្មការ ក៏មិនមែនវាយតំលៃគ្រប់អត្ថបទនោះទេ គឺពិនិត្យនៅពេលមានបញ្ហា ហើយក៏មិនមានសិទ្ធិ ដាក់ទោសកំហុសដល់អ្នកសារព័ត៌មាននោះទេ មានតែជួយលើកតម្កើង វិជ្ជាជីវ:សារព័ត៌មានលើកតម្កើងតួនាទីសារព័ត៌មាន នៅក្នុងសង្គម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ