ព្រះមហាក្សត្រកម្ពុជា ស្នើអង្គការយូណេស្កូ ដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក
បារាំង ៖ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសគង់បំពេញព្រះរាជកិច្ច នៅទីក្រុងប៉ារីស ប្រទេសបារាំង ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន លោកស្រី Audrey AZOULAY អគ្គនាយិកានៃអង្គការយូណេស្កូ អញ្ជើញចូលថ្វាយបង្គំគាល់ សម្តែងការគួរសម នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្នុងកិច្ចសវនការដ៏មានសារៈសំខាន់នេះដែរ កម្ពុជាបានជូនដំណឹងដល់អង្គការយូណេស្កូថា កម្ពុជាមានឯកសារចំនួន២ ដែលកំពុងដំណើរការមាន «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» ក្នុងប្រភេទបេតិកភណ្ឌវប្បធម៌អរូបី និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជា ក្នុងប្រភេទបេតិកភណ្ឌពិភពលោក ដែលនឹងសុំបញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។
លោកស្រីអគ្គនាយិកានៃអង្គការយូណេស្កូ បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅ ថ្វាយព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានលោកស្រី បានចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ ក្នុងឱកាសដ៏ថ្លៃថ្លានេះ។
លោកស្រីអគ្គនាយិកា នៃអង្គការយូណេស្កូ បានសម្តែងនូវសេចក្តីរំភើបរីករាយ និងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅថែមទៀត ថ្វាយចំពោះព្រះរាជវត្តមានដ៏ឧត្តុងឧត្តមនៃព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ស្តេចយាង ប្រោសព្រះរាជទាន ព្រះរាជសុន្ទរកថា ប្រកបដោយអត្ថន័យដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកកិច្ចប្រជុំ មហាសន្និបាតលើកទី៤១ ក្នុងឱកាសបុណ្យខួប គម្រប់៧៥ឆ្នាំ របស់អង្គការយូណេស្កូ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានញាំងឲ្យ មហាសន្និបាត និងពិធីបុណ្យខួបរបស់អង្គការយូណេស្កូ បានប្រព្រឹត្តទៅដោយជ័យមង្គល។
ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះរាជឱង្ការ សម្តែងនូវការចូលរួមអបអរស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រីអគ្គនាយិកា ដែលបានជាប់ឆ្នោតយ៉ាងត្រចះត្រចង់សាជាថ្មីជាអគ្គនាយិកានៃអង្គការ យូណេស្កូ៕