រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចេញអធិបញ្ជាឱ្យចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតលើឈ្មោះ សម រង្ស៊ី ក្រោយប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ អង្គព្រះមហាក្សត្រ
ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឱ្យលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតលើឈ្មោះ សម រង្ស៊ី ចំពោះករណីប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមលិខិតរបស់ ក្រសួងយុត្តិធម៌ នាថ្ងៃទី២៥ តុលា បានឱ្យដឹងថា នៅក្នុងវិដេអូមួយដែលត្រូវបានបង្ហោះក្នុងបណ្តាញសង្គម Facebook កាលពីពេលថ្មីៗនេះ សម រង្ស៉ី បាននិយាយប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថា «មិនមានមនសិកាជាតិ និង ក្បត់ជាតិ»។
ក្រសួង បន្ដថា សម្តីដែល សម រង្ស៉ី បាននិយាយនៅក្នុងវិដេអូដែលត្រូវបាន និងកំពុងផ្សព្វផ្សាយជាសាធារណៈ តាមរយៈបណ្តាញសង្គមនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ ដែលធ្វើបានធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រនៃ ព្រះរាជណាចក្រកម្ពុជា ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជានុរាស្រ្តខ្មែរទូទាំងប្រទេស។
ក្រសួង បន្ថែមថា ទង្វើនេះគឺជាការរំលោភបំពានមាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ ដែលចែងថា «អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ» ហើយអំពើនេះក៏ត្រូវបានកំណត់ជាបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៣៧ ស្ទួន នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមមាត្រា២៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា «សូមឯកឧត្តម ព្រះរាជអាជ្ញា ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះអំពើប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ អង្គព្រះមហាក្សត្រ ខាងលើ ដោយអនុវត្តស្របតាមនីតិវិធីជាធរមាន»។
សូមរំលឹកថា មន្រ្តីជាន់ខ្ពស់ ព្រះសង្ឃ កងទ័ព និងប្រជាពលរដ្ឋទូទាំងប្រទេស បានចេញប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការចំពោះ ទណ្ឌិត សម រង្ស៉ី ក្រោយហ៊ានប្រមាថយ៉ាងធ្ងន់ធ្ងរលើ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕