សម្ដេចក្រឡាហោម ស ខេង ៖ មជ្ឈដ្ឋានជាតិ និងអន្តរជាតិវាយតម្លៃថា កម្ពុជាពិតជាមានសមត្ថភាពខ្ពស់ ក្រោយទទួលបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា មជ្ឈដ្ឋានជាតិ និងអន្តរជាតិវាយតម្លៃថា កម្ពុជាពិតជាមានសមត្ថភាព ភាពម្ចាស់ការ និងទទួលខុសត្រូវខ្ពស់ ក្រោយទទួលបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជានាពេលថ្មីៗនេះ។
កម្ពុជា បានធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងដោយទម្រង់ផ្ទាល់ ជាលើកទី៣ នៅកម្ពុជា កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដំណើរការទៅយ៉ាងរលូន ប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រកម្ពុជា។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តពោធិ៍សាត់ថ្មី នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់អំពីភាពជោគជ័យនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ាន។
សម្ដេច មានប្រសាសន៍ថា «ជោគជ័យនេះ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិវាយតម្លៃថាកម្ពុជាពិតជាមានសមត្ថភាព ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងដោះស្រាយកិច្ចការនាទាំងក្នុងតំបន់ និងពិភពលោក ដែលកំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើន និងពុំធ្លាប់មានក្នុងរយៈពេលកន្លងមក»។
សម្ដេច ក៏បានថ្លែងអំណរគុណ និងកោតសរសើរអាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធដែលបានចូលរួមគាំទ្រឱ្យកិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយជោគជ័យ។
ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តពោធិ៍សាត់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូល ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងក្របខណ្ឌខេត្តទាំងមូលបានយ៉ាងល្អប្រសើរ និងសម្រេចបាននូវសមិទ្ធផលនានាជាច្រើន រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ និងជំនន់ទឹកភ្លៀងថ្មីៗនេះ៕EB