រដ្ឋមន្ដ្រីក្រសួងសាធារណការ ៖ ក្រុមហ៊ុនកំពុងពិចារណាតម្លៃធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុង១គីឡូម៉ែត្រ ក្រោម ១០សេន
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ បានថ្លែងថា ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ កំពុងពិចារណាលើតម្លៃធ្វើដំណើរតាមនេះ ដោយក្នុង១គីឡូម៉ែត្រ ក្រោម ១០សេន។
គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ត្រូវចំណាយថវិកាសាងសង់ប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុនCambodian PPSHV Expressway Co.,Ltd។
នាឱកាសដឹកនាំយុវជនក្រសួង និងសិស្សនិស្សិត នៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ចុះទស្សនកិច្ចផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ (PK-១១) នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា តាមបណ្ដាប្រទេសនានាលើពិភពលោកធ្វើតាមផ្លូវល្បឿនលឿន ១០សេន ឬ១២សេន ក្នុង១គីឡូម៉ែត្រ។
លោក បញ្ជាក់ថា «ប៉ុន្ដែចំពោះប្រទេសកម្ពុជាវិញ ខ្ញុំបានស្នើ សុំឲ្យយកក្រោម ១០សេន ក្នុង១គីឡូម៉ែត្រ។ ចឹងក្រុមហ៊ុនកំពុងពិចារណាលើតម្លៃជិះលើផ្លូវនេះ (ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ)»។ លោក បន្ដថា «ខ្ញុំ បានពិភាក្សាដែរថា គួរអនុញ្ញាតពេលគាត់បើកផ្លូវនេះ អនុញ្ញាតឲ្យប្រើប្រាស់មួយរយៈសិន ដើម្បីប្រជាពលរដ្ឋលោកស្គាល់ពីការប្រើប្រាស់ផ្លូវល្បឿនលឿន ហើយកុំយកថវិកាពីគាត់ ក្រុមហ៊ុនកំពុងតែពិចារណា»។
លោក បន្ថែមថា ក្រសួងកំពុងផលិតវិដេអូ ដើម្បីចាក់ផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីការប្រើប្រាស់ល្បឿនលឿន ដូច្នេះប្រជាពលរដ្ឋត្រូវតែស្គាល់ និងយល់អំពីការប្រើប្រាស់ផ្លូវល្បឿនលឿន។ លោកថា ចំពោះ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នេះ ក្រសួងនឹងពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីអនុញ្ញាតឲ្យអ្នកបើកបរល្បឿន ១២០គីឡូម៉ែត្រ ក្នុង ១ម៉ោង។
លោកទេសរដ្ឋមន្ដ្រី ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹងចូលរួមចំណែកយ៉ាងសំខាន់ចំពោះសេដ្ឋកិច្ចរាធានីភ្នំពេញ និងក្រុងព្រះសីហនុ ព្រមទាំងនៅទូទាំងប្រទេសផងដែរ៕EB