ទីបំផុត ! សមត្ថកិច្ចនាំខ្លួនឈ្មោះ អេង សំអាត ពីបទចោទប្រកាន់ «ប្រទូស្តកេរខ្មាស» ទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់
ភ្នំពេញ ៖ ក្រោយពីសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការតាមដាន និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ លើករណីនេះរួចមក នៅរសៀលថ្ងៃ៨ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានអនុវត្តតាមដីការតុលាការ ដោយបានធ្វើការនាំខ្លួនឈ្មោះ អេង សំអាត ពីបទចោទប្រកាន់ «ប្រទូស្តកេរខ្មាស» បញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ កញ្ញា នេះ បានឲ្យដឹងថា ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ មិនដែលព្រងើយកន្តើយ ឬលាក់បាំងអ្វីឡើយ ជាក់ស្តែង សមត្ថកិច្ចមិនអាចអនុវត្តការងារណាដោយមិនមានភាពច្បាស់លាស់ឡើយ ហើយសមត្ថកិច្ចក៏មិនទុកករណីល្មើសណាមួយចោលដែរ។
ដើម្បីឲ្យមានភាពច្បាស់លាស់មុននឹងអនុវត្តការងារអ្វីមួយ គឺសមត្ថកិច្ចត្រូវតែធ្វើការតាមជំនាញ ជាពិសេស ត្រូវធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងការអនុវត្តខុស ឬចាប់មនុស្សខុស ។
សូមរំលឹកថា លោក អេង សំអាត ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន កាលពីថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០២០ ដោយលោក សោ សុភា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទប្រទូស្តកេរខ្មាស មានស្ថានទម្ងន់ទោសទាក់ទងជនរងគ្រោះ ប្រព្រឹត្តនៅចំណុចផ្ទះជួលលេខ១១A ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីអំឡុង ខែមិនា ឆ្នាំ២០១៨៕EB