ភ្នំពេញ ៖ យោងតាមលទ្ធផល នៃការស្រាវជ្រាវរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីដើមឆ្នាំ ២០២០ អំពីការត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា បានបញ្ជាក់ថា ២៨%នៃបារីនាំចូលទាំងអស់ ដែលកំពុងដាក់លក់នៅលើទីផ្សារនៅកម្ពុជា មិនមានបិទតែមប្រិ៍ពន្ធរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ហើយបារីទាំងនោះ មានបារីម៉ាក ESSE Hero Oris និងGold Seal ជាដើម។

បើតាមកិច្ចសម្ភាសន៍របស់អង្គការចលនាដើម្បីសុខភាពកម្ពុជាជាមួយ អាជីវករលក់បារី បានឲ្យដឹងថា បារីដែលមិនមានតែមប្រិ៍ពន្ធទាំងនោះ បានមកពីការចែកចាយដោយ ភ្នាក់ងារក្រុមហ៊ុនបារី និងបានមកពីការទិញផ្ទាល់នៅតាមដេប៉ូបោះដុំ។អាជីវករលក់បារី បានប្រាប់ថា ភ្នាក់ងារក្រុមហ៊ុនបារី តែងតែចែកចាយបារីដល់ពួកគាត់ជាប្រចាំ ហើយពេលដែលមិនមានភ្នាក់ងារក្រុមហ៊ុនមក គាត់ទៅទិញផ្ទាល់នៅដេប៉ូលក់ដុំ។

ទាក់ទងនឹងបញ្ហានេះ លោក យ៉ិល ដារ៉ាវុធ មន្ត្រីបច្ចេកទេសត្រួតពិនិត្យផលិតផលថ្នាំជក់ នៃអង្គការសុខ ភាពពិភពលោក បានមានមតិថា បារីដែលមិនមានបិទតែមប្រិ៍ពន្ធ គឺជាបារីខុសច្បាប់។ បារីខុសច្បាប់ គឺជាឧបសគ្គដ៏ធំមួយនៃកិច្ចការត្រួតពិនិត្យថ្នាំជក់នៅកម្ពុជា ព្រោះវាមិនត្រឹមតែធ្វើឲ្យខាតបង់ចំណូល ពន្ធរដ្ឋនោះទេ ថែមទាំងធ្វើឲ្យប្រជាពលរដ្ឋប្រឈមនឹងជំងឺដែលបង្កពីការជក់បារីកាន់តែច្រើន ដោយ សារតែការប្រើប្រាស់ថ្នាំជក់កើនឡើង»។

ជាងនេះទៅទៀត ការស្រាវជ្រាវរបស់អង្គការ UNDP FCTC WHO និង RIT International បានបង្ហាញថា បារីដែលមិនបានបង់ពន្ធ បានរួមចំណែកធ្វើអោយបាត់បងចំណូលពន្ធរបស់រដ្ឋាភិបាល។ ប្រសិនបើរដ្ឋាភិបាល ទប់ស្កាត់បារីគេចពន្ធអោយមានប្រសិទ្ធភាព នោះកម្ពុជានឹងទទួលបានចំណូលពន្ធ ចំនួន៧% បន្ថែមពីលើពន្ធដែលប្រមូលបានពីពន្ធថ្នាំជក់ក្នុងពេលបច្ចុប្បន្ន។

សូមរំលឹកថា ការប្រើប្រាស់ថ្នាំជក់បង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ និងបង្កឲ្យខាតបង់សេដ្ឋកិច្ចយ៉ាងធំធេង។ ក្នុង១ឆ្នាំៗប្រជាពលរដ្ឋនកម្ពុជាប្រមាន ១៥០០០នាក់ បានស្លាប់ដោយសារជំងឺបង្កពីការប្រើប្រាស់ថ្នាំជក់ ហើយថវិកាប្រមាណ៦៥៦លានដុល្លារ ត្រូវបានខាតបង់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ