ភ្នំពេញ ៖ លោកនេត្រ ភត្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយ ប្រែក្លាយទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិខ្លះ ដែលមានសក្តានុពលទេសចរណ៍ ឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ច សម្រាប់សហគមន៍មូលដ្ឋាន ក៏ដូចជាចូលរួមអភិវឌ្ឍកំណើន សេដ្ឋកិច្ចជាតិ ។

តាមរយ:ប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោកនេត្រ ភត្រ្តា បានថ្លែងថា” រាជរដ្ឋាភិបាលកម្ពុជាមាន គោលនយោបាយប្រែក្លាយទីតាំងមួយចំនួន ក្នុងតំបន់ការពារធម្មជាតិខ្លះដែលមានសក្តានុពលទេសចរណ៍ទៅជាតំបន់ទេសចរណ៍ធម្មជាតិដើម្បីបង្កើនសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន ចូលរួមអភិវឌ្ឍ និងធ្វើឱ្យមានកំណើន សេដ្ឋកិច្ចជាតិ ហើយចូលរួមពង្រឹងប្រសិទ្ធភាពអភិរក្សធនធាន ធម្មជាតិនិង ជីវៈចម្រុះ”។

លោកបន្តថា បច្ចុប្បន្ន គោលនយោបាយនេះ បាន ក្លាយជាការពិត ហើយបាននិងកំពុងតែអនុវត្តនិងផ្តល់ផ្លែផ្កា ខណៈក្រសួងស្ថាប័នពាក់ព័ន្ធបាន និងកំពុងជំរុញនិងអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ នៅតាមតំបន់ការពារ ធម្មជាតិនានា ក្នុងប្រទេសកម្ពុជា។ ដែលទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិទាំងនោះ ពោរពេញ ដោយសក្តានុពលទេសចរណ៍។

ក្នុងឱកាសនោះលោកបញ្ជាក់ថា ការផ្តល់សេវាកម្មទេសចរ ណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិបាននិងកំពុងនាំយកនូវចំណូល ថវិការាប់លានដុល្លារ ចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូលដ្ឋាន និងចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ ដែលកម្ពុជាមានដល់ពលរដ្ឋរបស់ខ្លួននិងទេសចរបរទេសក៏ដូចជា បានចូលរួមបណ្តុះស្មារតីស្រឡាញ់និងការពារបរិស្ថាននិងធនធានធម្មជាតិដល់សាធារណជនផងដែរ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានតំបន់ការពារធម្មជាតិចំនួន៧២កន្លែង ដែលមានផ្ទៃដីសរុបចំនួន ៧.៣០០០០០ហិកតា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ