ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតរហូតមកទល់ពេលនេះ គម្រោង ធ្វើឲ្យប្រសើរឡើងកំណាត់ផ្លូវលេខ ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៩៩,៨១%។

នាឱកាសអញ្ជើញចុះពិនិត្យគម្រោងធ្វើឲ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ និងផ្លូវលេខ១៤៨ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ផ្លូវនេះសាងសង់បានល្អ មានគុណភាពរឹងមាំដោយហេតុថា មានការធ្វើតេស្តសាកល្បងចំនួន ៤១៤កន្លែង ក្នុងនោះ មានតែពីរកន្លែងប៉ុណ្ណោះមាន គុណភាពក្រោមកម្រិតបច្ចេកទេសបន្តិច ប៉ុន្តែអាចទទួលយកបាន។  

លោកទេសរដ្ឋមន្ដ្រី បានបន្ដថា ហើយចំពោះកំណាត់ផ្លូវក្រាល AC វិញ កម្រិតនៃភាពរលាក់ IRI មានតម្លៃតូចជាង ២m/km ដែលស្ថិតក្នុងកម្រិតល្អណាស់។ ហើយចំពោះផ្លូវបេតុង ការពិនិត្យកម្រិតនៃភាពកកិត ក៏ត្រូវបានផ្ទៀងផ្ទាត់ឡើងវិញដែរ ហើយជាលទ្ធផលឃើញថា តម្លៃនៃភាពកកិតរបស់ផ្ទៃកម្រាលបេតុង គឺខ្ពស់ជាងស្តង់ដារដែលបានកំណត់។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផ្លូវនេះអាចជួយសម្រួលដល់ឡានដឹកទំនិញធុនធ្ងន់ធ្វើដំណើរវាងផ្លូវជាតិលេខ៤ ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍លើផ្លូវជាតិលេខ៤ ដែលកន្លងមកតែងតែបង្កភាពយឺតយ៉ាវដល់ការនាំទំនិញទៅលក់នៅបរទេស ហើយក្រសួងគ្រោងស្នើទៅអភិបាលក្រុងព្រះសីហនុ ដើម្បីពិនិត្យរួមគ្នាលើលទ្ធភាព នៃការអនុញ្ញាតឲ្យរថយន្តដឹកជញ្ជនទំនិញធុនធ្ងន់ចេញពីកំពង់ផែក្រុងព្រះសីនុធ្វើដំណើរចូលផ្លូវល្បឿនលឿនតែម្ដង ដើម្បីចំណេញពេលវេលា និងកាត់បន្ថយបន្ទុកនៃការដឹកជញ្ជូនលើផ្លូវលេខ៤ដែលកំពុងមានចរាចរណ៍មមាញឹកខ្លាំង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ