ភ្នំពេញ  ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា  លោក រស់ សុវាចា នៅព្រឹកថ្ងៃទី៥  ខែវិច្ឆិកា  ឆ្នាំ២០២០  បានថ្លែងថា ក្រសួងបានរកឃើញគ្រឹះស្ថានសិក្សាឯកជនចំនួន៤ ពាក់ព័ន្ធនឹងករណីគណៈប្រតិភូប្រទេសហុងគ្រី ដែលតម្រូវឲ្យផ្អាកការសិក្សារយៈពេល១៤ថ្ងៃ។

លោក រស់ សុវាចា បានបញ្ជាក់ថា «គិតត្រឹមយប់ថ្ងៃទី៥ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានប្រមូលព័ត៌មានពីគ្រឹះស្ថានសិក្សា ហើយបានរកឃើញថា មានគ្រឹះស្ថានសិក្សាឯកជនចំនួន៤ ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី។ គណ:គ្រប់គ្រងនៃគ្រឹះស្ថានសិក្សាទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំ របស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់ រួចបានផ្អាកដំណើរការសិក្សា ក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយ:ពេល១៤ថ្ងៃ។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធ ស្ថិតក្នុងការផ្សព្វផ្សាយ របស់ក្រសួងសុខាភិបាល»។

លោករៀបរាប់ថា  ស្ថានភាពនៃគ្រឹះស្ថានសិក្សាទាំង៤  រួមមាន៖

* គ្រឹះស្ថានសិក្សាទី១ មានបុគ្គលិក១រូប បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។

* គ្រឹះស្ថានសិក្សាទី២ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។

* គ្រឹះស្ថានសិក្សាទី៣ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។ 

* គ្រឹះស្ថានសិក្សាទី៤ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។

សូមជម្រាបថា ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងថារដ្ឋមន្ត្រីការបទេសហុងគ្រី មានឆ្លងកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ ស្ដីពី វិធានការសម្រាប់គ្រឹះស្ថានសិក្សា ដែលមានបុគ្គលិក ឬសិស្សានុសិស្សមានការពាក់ព័ន្ធ នឹងដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូនៃប្រទេសហុងគ្រី នៅប្រទេសកម្ពុជា៕Eb

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ