សម្ដេចក្រឡាហោម ស ខេង ៖ ផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីអត្តសញ្ញាណកម្ម គឺជាផែនការដ៏មានសារៈសំខាន់ ក្នុងការគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹក នាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) បានថ្លែងថា ផែនការយុទ្ធ សាស្ដ្រជាតិ ស្ដីពីអត្តសញ្ញាណកម្ម គឺជាផែនការដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំតម្រង់ទិសដៅទៅ លើការងារគ្រប់គ្រងទិន្នន័យ អត្តសញ្ញាណកម្ម ប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ត សញ្ញាណកម្ម នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅស្ដីទីការក្រសួង សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «កិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការជាតិ នាពេលព្រឹកនេះគឺដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦។ ឆ្នាំ២០២០កន្លងទៅ គឺឆ្នាំទី៤ នៃការ អនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ បន្ទាប់ពីអនុម័តដោយរាជរដ្ឋាភិបាល កាលពីខែមិថុនា ឆ្នាំ២០១៦ ផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីអត្តសញ្ញាណកម្ម គឺជាផែនការដ៏មានសារៈសំខាន់មួយ របស់រាជរដ្ឋាភិបាលកម្ពុជា មានទស្សនៈវិស័យយូរអង្វែង ក្នុងការដឹកនាំតម្រង់ទិសដៅទៅលើការងារគ្រប់គ្រងទិន្នន័យ អត្តសញ្ញាណកម្ម ប្រជាពលរដ្ឋ តាមប្រព័ន្ធព័ត៌មានវិទ្យាបែបទំនើប និងការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ»។
សម្ដេចក្រឡាហោម បន្ដថា គោលដៅចំបង និងចុងក្រោយនៃផែនការយុទ្ធសាស្ដ្រជាតិ គឺការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណ កម្មប្រជាជន IP IS និងការប្រើប្រាស់ទិន្នន័យរបស់ប្រព័ន្ធនេះដើម្បីបម្រើជាប្រយោជន៍ជាតិ។ ការគ្រប់គ្រងប្រជាពលរដ្ឋ គឺជាឆ្អឹងខ្នងនៃការគ្រប់គ្រងរដ្ឋបាលដែនដី ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធានានូវសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងជំរុញការវិឌ្ឍន៍ សេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបាននូវគោលដៅរបស់ផែនការយុទ្ធសាស្ដ្រ និងរួចចំណែកយ៉ាងសកម្មក្នុងការគាំទ្រគោល នយោបាយរបស់រាជរដ្ឋាភិបាល ដោយការលើកកម្ពស់អភិបាលកិច្ចល្អ ជាពិសេស លើការលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានឲ្យដឹងទៀតថា សមិទ្ធផលរបស់ផែនការយុទ្ធសាស្ដ្រនឹងអាចជួយដល់ប្រជាជនកម្ពុជា ក្នុងការពង្រឹងនិងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ជាពិសេស ក្នុងសមាគមអាស៊ាន ការផ្លាស់ប្ដូរកម្លាំងពលកម្ម ការប្រឆាំងអំពើជួញដូរមនុស្ស ប្រឆាំងអនុឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជា ការស្វែងរកឬកំណត់អត្តសញ្ញាណបុគ្គលជាដើម។ សម្ដេចរំលឹកថា នៅឆ្នាំ២០២០កន្លងទៅនេះកម្ពុជា ក៏ដូចជា ប្រទេសជាច្រើននៅលើសកលោក គឺសុទ្ធទទួលរងនូវផល ប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ជាមួយគ្នានេះ ការអនុវត្តគោលដៅយុទ្ធសាស្ដ្រនីមួយៗ នៃផែនការយុទ្ធសាស្ដ្រជាតិស្ដីពីអត្តសញ្ញាណកម្ម ក៏ទទួលរងផលប៉ះពាល់ ផងដែរ។
នាឱកាសនោះ នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានកិច្ចសហការជាមួយអ្នកជំនាញច្បាប់របស់អង្គការ Vital Strategies លើជំនួយបច្ចេកទេស ក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ បាន តាក់តែងបញ្ចប់សេចក្តីព្រាងច្បាប់ដំបូង ដែលរួមមាន១២ជំពូក ស្មើនឹង១៦៩មាត្រា។ សេចក្តីព្រាងច្បាប់នេះ បានប្រជុំឆ្លងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ជារៀងរាល់សប្តាហ៍។
នាយឧត្តមសេនីយ៍ បន្ដថា គិតត្រឹមខែធ្នូ ឆ្នាំ២០២០ ក្រុមការងារអន្តរក្រសួងប្រជុំឆ្លងសម្រេចបានចំនួន២ជំពូក ស្មើនឹង១០១មាត្រា ក្នុងនោះមាន ជំពូកទី១៖ ស្តីពីបទប្បញ្ញត្តិទូទៅ សម្រេចបានទាំងស្រុងមាន ចំនួន៣មាត្រា និងជំពូកទី២៖ ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន សម្រេចបានចំនួន៩៨មាត្រា។ ដោយឡែកជំពូកដែលនៅសល់ នឹងបន្តប្រជុំឆ្លងបញ្ចប់នៅក្នុងឆ្នាំ២០២១បន្តទៀត។
សូមជម្រាបថា យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២០ ស្ដីពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ បានឲ្យដឹងថា ការគ្រប់គ្រងអត្តសញ្ញាណបុគ្គលមានសារៈសំខាន់ជាគន្លឹះ និងជាមូលដ្ឋាន គ្រឹះនៃកិច្ចការអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាល។ ការងារអត្តសញ្ញាណកម្មបានបង្កប់នូវចរិតលក្ខណៈពិសេសពីរគឺ ៖ ការគ្រប់គ្រងប្រជាពលរដ្ឋ និងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។ ការគ្រប់គ្រងប្រជាពលរដ្ឋគឺជាឆ្អឹងខ្នងនៃការគ្រប់គ្រងរដ្ឋបាលដែនដី ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕EB