ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើរសារអំពាវនាវ ដល់បងប្អូនជនរួមជាតិខ្មែរ ទាំងអស់ និងសប្បុរសជនចូលរួម ជួយរំលែកទុក្ខលំបាក ទាំងស្មារតីនិងសម្ភារ: ដល់បងប្អូនជនរងគ្រោះ ដោយទឹកជំនន់។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក កឹម សុខា បានសរសេរយ៉ាងដូច្នេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តាមពត៌មានបានឲ្យដឹងថា មានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅតាមតំបន់មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស ដូចជាក្នុងខេត្តបាត់ដំបង និងខេត្តពោធិ័សាត់ ជាដើម ដែលស្ថានភាពបច្ចុប្បន្ននេះនៅមិនទាន់ធូរស្រាលនៅឡើយ។

លោកបន្តថា គ្រោះទឹកជំនន់នេះ អាចប៉ះពាល់ ដល់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ខ្លះ ជាពិសេសអ្វីដែល ខ្ញុំមានការព្រួយបារម្ភ ចំពោះមុខនេះ គឺផលប៉ះពាល់អាយុជីវិត សុវត្ថិភាព ទ្រព្យសម្បត្តិ ផ្ទះសម្បែង ដំណាំ សត្វ ហើយនិង មុខរបបរចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋ ។

ជាមួយគ្នានេះផងដែរ លោកក៏បានលើកឡើងផងដែរថា ទោះបីខ្ញុំពុំមានលទ្ធភាព និងសមត្ថកិច្ច ក្នុងការជួយសង្រ្គោះនូវផលប៉ះពាល់ នៃទឹកជំនន់នេះក៏ដោយ ក៏ខ្ញុំសូមសម្តែងនូវ សមានចិត្ត ចូលរួមដោយស្មោះ នូវកង្វល់ និងការរំលែកទុក្ខលំបាក របស់បងប្អូនជនរួមជាតិ នៅតាមតំបន់ដែលរងផល ប៉ះពាល់ដោយសារទឹកជំនន់នេះ ផងដែរ និងសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់។ ខ្ញុំសូមកោតសរសើរ និងលើកទឹកចិត្តដល់សមត្ថកិច្ច គ្រប់លំដាប់ចំពោះការជួយសង្គ្រោះ បងប្អូនដែលកំពុងតែ រងគ្រោះនៅពេលនេះ។

លោកបញ្ជាក់ថា «ក្នុងគ្រាលំបាកចំពោះមុខនេះ ខ្ញុំសូមធ្វើការអំពាវនាវ ដល់បងប្អូនជនរួមជាតិខ្មែរ ទាំងអស់ និងសប្បុរសជនចូលរួម ជួយរំលែកទុក្ខលំបាក ទាំងស្មារតីនិងសម្ភារ: ដល់បងប្អូនជនរងគ្រោះ ដោយទឹកជំនន់។ ជាពិសេស ខ្ញុំសូមបួងសួង ឲ្យបងប្អូនជនរួមជាតិ មានសុវត្ថិភាពនិងរួចចាកផុតពីផលប៉ះពាល់ នៃគ្រោះទឹកជំនន់នេះ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ