ភ្នំពេញ  ៖  លោក ស្រី  ឱ  វណ្ណឌីន  រដ្ឋលេខាធិការ  និងអ្នកនាំពាក្យ  ក្រសួងសុខាភិបាល  និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩  ក្នុងក្របខណ្ឌទូទាំងប្រទេស  (គ.វ.ក-១៩)   បានប្រកាសច្រានចោលពាក្យចចាមអារាមថា  មានការប្រមូលផ្ដុំគ្នា  ទៅចាក់វ៉ាក់សាំងកូវីដ-១៩  ដោយត្រូវបង់ប្រាក់។ 

ក្រសួងសុខាភិបាល  ច្រានចោលបែបនេះ  ក្រោយពីមានលេចចេញនូវពាក្យចចាមអារ៉ាមនៅក្នុងស្រទាប់សាធារណជនថា  ការចាក់វ៉ាក់សាំងកូវីដ-១៩  ត្រូវបង់ប្រាក់ក្នុងចំនួនមួយណាមួយមិនច្បាស់លាស់ មានការកៀងគរគ្នាទៅចាក់ដោយបង់ប្រាក់នូវវ៉ាក់សាំងប្រភេទអាស្ដ្រាហ្សេានីកា។ 

តាមសេចក្ដីប្រកាព័ត៌មានរបស់  ក្រសួងសុខាភិបាល  នាថ្ងៃទី២៧  ខែមិថុនា  ឆ្នាំ២០២១ លោក ស្រី  ឱ  វណ្ណឌីន  បានឲ្យដឹងថា  ជាក់ស្ដែងក្រុមការងារ  គ.វ.ក-១៩  បានចុះស្រាវជ្រាវនូវពាក្យដែលបានចែកចាយបន្ដៗគ្នាមកនៅតាមគ្លីនិកឯកជន  ឃេីញថា  មិនមានភាពច្បាស់លាស់  និងមានការលេីកឡេីងថា  និយាយលេងៗ  និងឮគេនិយាយតៗគ្នា។


លោកស្រី  បញ្ជាក់យ៉ាងដូច្នេះ ថា  «ម្យ៉ាងទៀតមក  មកទល់ពេលនេះ  មិនមានវ៉ាក់សាំងប្រភេទអាស្ដ្រាហ្សេនីកា  ណា  ដែលនៅសល់សម្រាប់ចាក់ក្នុងការប្រមូលផ្ដុំគ្នាបែបនេះដែរ  ព្រោះបានប្រេីប្រាស់អស់លទ្ធភាព  និងហួសសុពលភាពប្រេីប្រាស់  ហេីយក៏មិនមានវ៉ាក់សាំងប្រភេទនេះ  មកដល់កម្ពុជាបន្ថែមទៀតដែរ។ ដូច្នេះ  គ.វ.ក-១៩  សូមធ្វេីការបដិសេធទាំងស្រុងនូវពាក្យចចាមអារ៉ាមទាំងនេះ»។ 

សូមបញ្ជាក់ថា  ក្រោមការគិតគូរ  និងយកចិត្តទុកដាក់  របស់  សម្ដេចតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃកម្ពុជា  ការចាក់វ៉ាក់សាំងកូវីដ-១៩  ត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ  ជូនបុគ្គលដែលមានអាយុ១៨ឆ្នាំឡេីងទៅ  និងស្ថិតនៅក្នុងក្រុមអាទិភាពដែលកំណត់ដោយ  រាជរដ្ឋាភិបាល កម្ពុជា។ 

យោងតាមរបាយការណ៍របស់  ក្រសួងសុខាភិបាល   បានឲ្យដឹងថា  គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស  ចំនួន ៣,៩៥៥,០៣៣នាក់។  ដោយឡែក  សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៣៩.៥៥% ហេីយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ