ភ្នំពេញ ៖ លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា រយៈពេល ៩ខែ ឆ្នាំ២០២២ ពន្ធដារ ប្រមូលចំណូលជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យប្រមាណ ២៦៩៣,៣៨លានដុល្លារ ស្មើនឹង ៩៥,៥៣% នៃផែនការច្បាប់ ស្ដីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី កិច្ចប្រជុះបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែកញ្ញា និងសម្រាប់រយៈពេល ៩ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ដ របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១១ តុលា លោក គង់ វិបុល បានបញ្ជាក់ថា «សរុបរយៈពេល ៩ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១០ ៩០៨,១៩ ប៊ីលានរៀល (ប្រមាណជា ២ ៦៩៣,៣៨ លានដុល្លារ) ស្មើនឹង ៩៥,៥៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថា កើនឡើងចំនួន ២ ៣៥១,០៧ ប៊ីលានរៀល (ប្រមាណជា ៥៨០,៥១ លានដុល្លារ) ស្មើនឹង ២៧,៥០%»។

លោក បន្ដថា អគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅមុតស្រួច ដើម្បីធ្វើទំនើបកម្មពន្ធដារ ប្រកបដោយបុរេសកម្ម ចាប់តាំងពីឆ្នាំ២០១៤ ស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្រសំខាន់ៗ របស់រាជរដ្ឋាភិបាលដែលមាន ដូចជា យុទ្ធសាស្ត្រចតុកោណ កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ