ភ្នំពេញ ៖ លោកស្រី Maryem salim នាយកធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បានឲ្យដឹងថា ធនាគារពិភពលោក កំពុងស្វែងរកធនធានបន្ថែមទៀត ដើម្បីផ្ដល់ហិរញ្ញប្បទានដល់គម្រោងកំពុងអនុវត្ត នៅកម្ពុជា ឲ្យមានដំណើរការប្រកបដោយប្រសិទ្ធភាព។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោកស្រី Maryem salim បានថ្លែងថា ទោះបីស្ថិតក្នុងស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មានផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា លោកស្រី មើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងដាក់ចេញនូវវិធានការផ្សេងៗប្រកបដោយប្រសិទ្ធភាព ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលបានធ្វើឲ្យស្ថានភាពវិលមករកភាពល្អប្រសើរឡើងវិញ។ 

លោក  ប្រាប់ សម្ដេច អំពីការសិក្សាគម្រោងថ្មីមួយរបស់ធនាគារពិភពលោក គឺពាក់ព័ន្ធនឹងការគ្រប់គ្រងកាកសំណល់រឹងនៅតាមមូលដ្ឋាន ហើយដែលគម្រោងនេះកំពុងស្ថិតនៅក្នុងដំណាក់កាលពីគ្រោះយោបល់នៅឡើយ និងក៏ទាមទារឱ្យមានការគាំទ្រពីគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសពីក្រសួងមហាផ្ទៃដើម្បីធ្វើឲ្យគម្រោងនេះទទួលបានជោគជ័យផងដែរ។ លោកស្រី បន្តថា ការពិគ្រោះយោបល់កម្រិតដំបូងលើគម្រោងនេះ ត្រូវបានធ្វើឡើងនៅខេត្តសៀមរាប និងគ្រោងរៀបចំការពិគ្រោះយោបល់បន្តនៅខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល។ 

លោកស្រី បញ្ជាក់ថា «បច្ចុប្បន្ននេះធនាគារពិភពលោកកំពុងស្វែងរកធនធានបន្ថែមទៀត ដើម្បីផ្ដល់ជាហិរញ្ញប្បទានដល់គម្រោងកំពុងអនុវត្តឲ្យមានដំណើរការប្រកបដោយប្រសិទ្ធភាព  ហើយ ចង់ទទួលទស្សនៈពី សម្ដេចក្រឡាហោម ពាក់ព័ន្ធនឹងស្ថានភាពកម្ពុជា ដើម្បីជួយជាការតម្រង់ទិសដល់ធនាគារពិភពលោកបន្តការគាំទ្រប្រទេសកម្ពុជា»។ 

នាឱកាសនោះ សម្ដេច ស ខេង លើកឡើងថា ក្នុងគោលដៅនៃការស្ដាសេដ្ឋកិច្ចឲ្យមានភាពរស់រវើកឡើងវិញរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យមានសកម្មភាពអាជីវកម្មនិងការងារផ្សេងៗជាបន្តបន្ទាប់ ហើយជាលទ្ធផលមិនមានការឆ្លងរីករាលដូចពីមុននោះទេ ដែលនេះចាត់ទុកជាភាពជោគជ័យមួយ ដើម្បីបន្តនូវការបើកដំណើរការប្រទេសជាតិជាបណ្ដើរៗ និងឈានទៅបើកប្រទេសទាំងស្រុង។ 

ពាក់ព័ន្ធនឹងកិច្ចសហការលើគម្រោងកន្លងមក សម្ដេច ស ខេង បានលើកឡើងពីការបញ្ចប់គម្រោងចំនួន៣ ក្នុងនោះរួមមានទី១ គឺការវិនិយោគជនបទសម្រាប់រដ្ឋបាលមូលដ្ឋាន ដែលបានផ្ដល់ហិរញ្ញប្បទានវិនិយោគដល់រដ្ឋបាលថ្នាក់ក្រោមជាតិពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១០, ទី២-គម្រោងអភិបាលកិច្ចល្អដែលបានជួយដល់ប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៤ និងទី៣ គម្រោងសង្គហទានសង្គមពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៦៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ