ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យលោក អាណាតូលី បូរូវីក( Anatoly BOROVIK ) ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជាថ្មី ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។នេះបើយោងតាម គេហទំព័រហ្វេសប៊ុក សម្តេច ហេង សំរិន។

សម្តេចប្រធានរដ្ឋសភា និងឯកអគ្គរដ្ឋទូតរុស្ស៊ី បានលើកឡើងពីចំណងមិត្តភាព និងទំនាក់ទំនងដ៍ល្អរវាងប្រទេសទាំងពីរ (កម្ពុជា-រុស្ស៊ី )ដែលមានតាំងពីយូរមកហើយ ពោលបានឈានដល់ខួបទី៦៥ នៅឆ្នាំក្រោយនេះ។ អតីសហភាព សូវៀត ជាមិត្តដ៍ល្អរបស់កម្ពុជា ដែលបានជួយគាំទ្រកម្ពុជាកម្ពុជា តាំងពីក្រោយរបបប៉ុលពតបានដួលរលំទៅក្នុងឆ្នាំ១៩៧៩ ខណៈដែលប្រទេសលោកខាងលិចបានព្យាយាមហ៊ុមព័ទ្ធកម្ពុជាឲ្យនៅឯកោ។

សម្តេច ហេង សំរិន បានស្វាគមន៍ និងគាំទ្រចំពោះបេសកកម្មការទូតរបស់ អាណាតូលី បូរូវីក នៅកម្ពុជា និងបានបញ្ជាក់ថា រដ្ឋសភាកម្ពុជា ពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហ ប្រតិបត្តិការនានា ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានកសាងរួមគ្នារៀងរហូតមក ទាំងវិស័យនយោបាយ កាទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វិទ្យាសាស្រ្ត និងវប្បធម៌ មានការរីកចម្រើនជាលំដាប់ ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍនៅកម្ពុជា។

សម្តេច បានលើកឡើងថា ក្នុងកាលៈទេសៈនេះ បច្ចុប្បន្ន ដែលពិភពលោកទាំងមូល កំពុងជួបវិបត្តិជម្ងឺកូវីត១៩ ទាមទាឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត ទំាងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងការគំាទ្រពហុភាគីនិយម ដើម្បីរួមគ្នាប្រយុទ្ធប្រឆំាងជម្ងឺកូវីត១៩ ឲ្យទទួលបានជោគជ័យ។

លោក អាណាតូលី បូរូវីក បានសន្យាថានៅក្នុងបេសកកម្មការទូតនៅកម្ពុជានេះ នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យកាន់តែរឹងមាំឡើង ទំាងនៅខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាទ្វេភាគី និងពហុភាគី។

លោកបានលើកឡើងថាអ្នកវិនិយោគទុនរុស្ស៊ីមានការចាប់អារម្មណ៍ជាខ្លំាងក្នុងការបណ្តាក់ទុកនៅកម្ពុជា នៅក្នុងវស័យជាច្រើនមានដូចថាមពលអគ្គិសនីជាដើម។ រុស្ស៊ីបានគាំទ្រដល់ការទទួលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប របស់កម្ពុជា នៅឆ្នាំ២០២១ ខាងមុខនេះ។

លោក អាណាតូលី បូរូវីក បានចូលរួម ចែករំលែកទុក្ខលំបាក និងសម្តែងការសោកស្តាយជាមួយពលរដ្ឋកម្ពុជា ដែលកំពុងទទួលរងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។ ជាមួយគ្នានេះ លោកជម្រាបជូនសម្តេចផងដែរ ពីជោគជ័យរបស់ប្រទេសរុស្ស៊ីក្នុងការស្រាវជ្រាវនិងផលិតថ្នាំនិងវ៉ាក់សំាងជំងឺកូដ១៩ ដែលទទួលបានជោគជ័យជាវិជ្ជមាន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ