រដ្ឋលេខាធិការ ក្រសួងសាធារណការ ប្រាប់ធានាគារពិភពលោកថា កម្ពុជាខិតខំប្រឹងប្រែងកសាងហេដ្ឋា រចនាសម្ព័ន្ធ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំជាមួយ ធនាគារពិភពលោក លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ថា កម្ពុជាខិតខំប្រឹងប្រែងកសាងពង្រីក និងលើកកម្ពស់គុណភាពហេដ្ឋារចនា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ក្នុងកិច្ចប្រជុំជាមួយ ធនាគារពិភពលោក ស្តីពី ការធ្វើឲ្យប្រសើរឡើងនូវទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា នាពេល ថ្មីៗនេះ លោកស្រី មឹន មាណវី បានថ្លែងថា «ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ កម្ពុជាបានខិតខំប្រឹងប្រែង កសាង ពង្រីក និងលើកកម្ពស់គុណភាពហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូនឲ្យសមាមាត្រទៅនឹងកំណើនយានយន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគត»។
លោកស្រីបញ្ជាក់ថា កម្ពុជាបានធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក អប់រំតាម សហគមន៍ សាលារៀន រោងចក្រ អប់រំតាមរយៈប្រព័ន្ធផ្សព្វផ្សាយ (វីដេអូឃ្លីប) បំពាក់ផ្លាកសញ្ញា គំនូសសញ្ញា បិទចំណាំងផ្លាត ចែកមួកសុវត្ថិភាព និងយុទ្ធនាការនានាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដូចជា៖ ការបិទយានដ្ឋានកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ទប់ស្កាត់ការដឹកជញ្ជូនទំនិញលើស ទម្ងន់កម្រិតកំណត់ជាដើម។
ជាមួយគ្នានេះផងដែរ រដ្ឋលេខាធិការ ក៏បានបង្ហាញឆន្ទៈចូលរួមសហការជាមួយស្ថាប័នជាតិ និងអន្តរជាតិក្នុងការអនុវត្តវិធានការ ឬយុទ្ធនាការនានាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យបានច្រើន បំផុតតាមដែលអាចធ្វើទៅបាន។
លើសពីនេះទៀត រដ្ឋលេខាធិការ ក៏បានបង្ហាញផងដែរ នូវនីតិវិធីនៃការគ្រប់គ្រងទិន្នន័យគ្រោះ ថ្នាក់ចរាចរណ៍ក្នុងនោះ ៖ ប៉ូលិសមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន និងមន្ត្រីនៃមន្ទីរសុខាភិបាល ត្រូវធ្វើរបាយ ការណ៍គ្រោះថ្នាក់ចរាចរណ៍ (របួស ឬ/ស្លាប់) តាមខ្សែបណ្ដោយរបស់ខ្លួន និងតាមឋានានុក្រម ដើម្បីឱ្យថ្នាក់ដឹកនាំរបស់ខ្លួន រាយការណ៍បន្តជូនគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបូកសរុប។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី មឹន មាណវី បានថ្លែងអំណរគុណ ចំពោះ ធនាគារ ពិភពលោក ដែលបានសហការយ៉ាងជិតស្និទ្ធ និងជួយជ្រោមជ្រែងទាំងស្មារតីនិងសម្ភារ សំដៅគ្រប់គ្រង ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅទូទាំងសកលលោក ជាពិសេស នៅកម្ពុជា ដើម្បីសុខមាលភាពនិងការរីកចម្រើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ព្រមទាំងបានស្នើឱ្យរក្សា វប្បធម៌សហការសាមគ្គីដ៏ស្អិតរមួតនេះបន្តទៀត៕EB